ធន់ សុភា ៖ រវាង តាញ់ មករា និង បាង កាយ៉ាក់ មានចំណុចល្អរៀងៗខ្លួន
គ្រូបង្វឹកនៃក្លិបប្រដាល់ក្រសួងការពារជាតិលោក ធន់ សុភា បានលើកឡើងថារវាងអ្នកប្រដាល់គុនខ្មែរ តាញ់ មករា ដែលជាកូនសិស្សរបស់លោកគ្រូផ្ទាល់និងកីឡាករ បាង កាយ៉ាក់ ពួកគេមានក្បាច់ល្អរៀងៗខ្លួន ដូចនេះបើមាននរណាម្នាក់ប្រហែសនោះនឹងបាត់ឱកាសដណ្តើមជើងឯកនិងឱកាសទៅរកខ្សែក្រវាត់តែម្តង ។
អតីតជើងខ្លាំងអ្នកប្រដាល់គុនខ្មែរ ធន់ សុភា បានបញ្ជាក់ថា មករា បានរៀបចំខ្លួនយ៉ាងល្អទាំងការហ្វឹកហាត់និងវិន័យក្នុងក្លិបសម្រាប់ត្រៀមការប្រកួតដ៏សំខាន់មួយនេះហើយលោកក៏បានបង្ហាត់ដល់រូបគេរួចរាល់ហើយសម្រាប់ក្បាច់ដែលត្រូវទប់ទល់ជាមួយ បាង កាយ៉ាក់ ។ លោក បន្ថែមថា បាង កាយ៉ាក់ ជាកីឡាករដែលមានក្បាច់ចូលបុកដែលគេធ្លាប់ធ្វើបានល្អសម្រាប់ការប្រកួតកន្លងមក ហើយក៏មានបទពិសោធច្រើនទាំងនៅស្រុកខ្មែរនិងនៅថៃ ផងដែរ ។
តោះស្តាប់ការបកស្រាយរបស់ ធន់ សុភា៖
មុនឈានដល់វគ្គផ្តាច់ព្រ័ត្រ តាញ់ មករា បានយកឈ្នះកីឡាករថៃ វិថៈយ៉ាយុទ្ធ ចំណែក បាង កាយ៉ាក់ បានយកឈ្នះពិន្ទុកីឡាករថៃ ភិតក្រៀងក្រៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា ។ ការប្រកួតផ្តាច់ព្រ័ត្ររវាងអ្នកទាំងពីរ នេះនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែ កុម្ភៈ ២០២០ ខាងមុខនេះចាប់ពីម៉ោង ៨ ព្រឹកនាសង្វៀន CBS ឬស្សីកែវ ។
ម្ចាស់ជើងឯកក្នុងក្រុមទី១នេះនឹងទទួលបានម៉ូតូមួយគ្រឿងនិងទឹកប្រាក់៥០០ដុល្លារ ជាពិសេសត្រូវឈរចាំប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ជើងឯកក្រុមទី២ដែលត្រូវប្រកួតបន្តទៀតក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាមនេះ ដើម្បីដណ្តើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែររដូវកាលទី៣ ដែលមានប្រាក់រង្វាន់៦០០០ដុល្លារ ៕