អ្នកគាំទ្រពេញចិត្ត និងចាត់ទុក ឯម ឡេងលី ជាកីឡាករកម្រិតA ក្រោយ៥ប្រកួតចុងក្រោយ មិនទាន់ចាញ់
មុននេះបន្តិចកីឡាករ ឯម ឡេងលី បានបញ្ចប់ការប្រកួតរបស់ខ្លួនដោយលទ្ធផលស្មើគ្នាជាមួយជើងខ្លាំងថៃ កាំឡៃផេត ក្នុងប្រភេទទម្ងន់ 69kg ក្នុងជំនួបសងសឹករបស់គេ ។
ទោះបីមិនអាចយកជ័យជន្នះលើកីឡាករថៃវិញបាន ប៉ុន្តែអ្នកប្រដាល់ដែលមកពីក្លឹបនិរោធន៍មាននៅអាចរក្សាកំណត់ត្រារបស់ខ្លួនយ៉ាងល្អ ដោយ៥ប្រកួតចុងក្រោយ មិនដែលស្គាល់ពាក្យថាចាញ់នោះទេក្នុងការជួបកីឡាករថៃខ្លាំងៗដែលមកប្រឡូកក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ ។
សម្រាប់៤ប្រកួតមុនកីឡាករកំពស់ខ្ពស់រូបនេះឈ្នះទាំងអស់ ហើយថែមទាំងផ្តូលគូប្រកួតឲ្យសន្លប់ទៀតផងក្នុងមានដូចជា ចៃស៊ូ , ស៊ុបភើឆៃ , ឃុនផែន (ណាត់ថៈកៀត) និង ភិចអារុណ (អារុណដេត) ជាដើម ដែលកីឡាករថៃទាំងបួននេះសុទ្ធតែធ្លាប់ឈ្នះចាញ់ជាមួយជើងខ្លាំងលំដាប់ជួរមុខរបស់កម្ពុជាដូចជា រឿង សោភ័ណ្ឌ , ឡុង សុភី , ម៉ឺន សុភា ជាដើម ។
សូមបញ្ជាក់ផងដែរថា កូនសិស្សអតីតលោកគ្រូ ឯម ចាន់សុផល(ទទួលមរណៈភាព) ម្នាក់នេះមានប្រវត្តិប្រកួតមិនធម្មតា ដោយប្រកួតសរុប ៤០ដង ៣០ដងឈ្នះ ៦ដងចាញ់ ៤ដងស្មើ ហើយជាពិសេសគេបានផ្តូលគូប្រកួតឲ្យសន្លប់រហូតដល់២១ដង។ ក្នុងការប្រកួតល្ងាចមិញនេះដែរស្ថានីយ៍ទូរទស្សន៍បាយ័ន្តបានប្រកាសថា ឯម ឡេងលី នឹងចូលរួមប្រកួតប្រកួតដណ្តើមខ្សែក្រវាត់ខារ៉ាប៉ាវ រដូវកាលថ្មីផងដែរ ៕