
បេក្ខភាពថៃ៤រូបដែលត្រៀមមកដណ្តើមពាន ISI Palm សុទ្ធតែធ្លាប់មកទឹកដីកម្ពុជា
ថ្នាក់ដឹកនាំរបស់ថៃបានត្រៀមកីឡាករគុនថៃចំនួន៤រូបដើម្បីដាក់មកចូលរួមប្រកួតដណ្តើម ពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម ខណៈពួកគេទាំងនោះសុទ្ធតែមានបទពិសោធប្រកួតនៅទឹកដីកម្ពុជា ។ បើមិនមានការប្រែប្រួលនោះទេបេក្ខភាពខាងថៃរួមមាន ធ្នូសឹកឡេក , កៅភូដាំ ហាន់រ៉ាវី , ម៉ាម៉ៃ ស៊ីតយ៉តឈៀន និង ភូតាក់វាន់ ប៉េឡេបុរីរ៉ាំ ។

ធន់ មករា និង ភូតាក់វាន់
ពួកគេសុទ្ធតែធ្លាប់មានប្រវិត្តប្រកួតនៅទឹកដីកម្ពុជាក្នុងនោះមានដូចជា ធ្នូសឹកឡេក ម្ចាស់ខ្សែក្រវាត់ពីរ គ្រឿងនៅថៃ ដែលធ្លាប់មកកម្ពុជាម្តងហើយប្រកួតស្មើពិន្ទុជាមួយ ឈុត សេរីវាន់ថង និងវាយអោយ វាន់ថង រាប់ត្រឹមទឹកទី ១ ។ ចំណែក កៅភូដាំ ហាន់រ៉ាវី ក៏មានប្រវិត្តប្រកួតនៅខ្មែរដែរដូចជាចាញ់ពិន្ទុ លាស់ យីន និង ទេស ជីវ៉ា ខណៈ ម៉ាម៉ៃ ធ្លាប់ប្រកួតច្រើនរួចមកហើយមានឈ្នះមានចាញ់ ហើយ ក៏ធ្លាប់សន្លប់ក្រោមថ្វីដៃ ឡុង ជិន ដែរ ប្រកួតចុងក្រោយរបស់គេឈ្នះពិន្ទុ អួច ធារិទ្ធ នៅបាយ័ន ។ បេក្ខភាពចុងក្រោយគឺ ភូតាក់វាន់ ប៉េឡេបុរីរ៉ាំ ធ្លាប់មកម្តងដោយឈ្នះពិន្ទុ ធន់ មករា ។
ចំណែកបេក្ខភាពខាងគុនខ្មែរវិញបានបង្ហាញជាផ្លូវការរួចហើយដែលមាន ឡុង ជិន , សុខ ធី , ឈុត សេរីវាន់ថង និង ធន់ មករា ។ ការប្រកួតពានរង្វាន់កំពូលអ្នកប្រយុទ្ធកណ្តាប់ដៃដែក ISI Palm រដូវកាលទី៣លើប្រភេទទម្ងន់ ៥៧ គីឡូក្រាម នឹងចាប់ផ្តើមក្រោយចប់ការរដូវកាលទី២ដែលកំពុងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព័្រត្រ ៕

កៅភូដាំ

ភូតាក់វាន់

ឡុង ជិន និង ម៉ាម៉ៃ
ធ្នូសឹកឡេក