
រឿង សោភ័ណ្ឌ ថា ធឿន ធារ៉ា អាចកម្លាំងល្អជាងកាលប៉ះគ្នាលើកទី២
មុនប៉ះកីឡាករ ធឿន ធារ៉ា លើកទី៣ ក្នុងកម្មវិធីអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរ នាថ្ងៃ អាទិត្យសប្តាហ៍នេះ អ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ បានបង្ហើបថានឹងប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាពដោយមិនអោយអ្នកគាំទ្ររិះថាប្រកួតមិនអស់សមត្ថភាពនោះឡើយ ។
រឿង សោភ័ណ្ឌ បានបញ្ជាក់សម្រាប់ការប្រកួតនេះថាការហ្វឹកហាត់ត្រៀមខ្លួនបានរួចរាល់ហើយ នៅតែបង្ហាញលើសង្វៀនតែប៉ុណ្ណោះថាបានដល់កម្រិតណានោះទេ ។ កូនសិស្សរបស់លោក ឈិន ខ្វាន់ចៃ បន្ថែមថាមិនថាឈ្នះរឺចាញ់នឹងប្រឹងប្រែងប្រកួតអោយអស់ពីសមត្ថភាព ដោយមិនមានការយោគយល់អ្វីឡើយ ។ សម្រាប់ការគ្នាលើកនេះ សោភ័ណ្ឌ បញ្ជាក់ថា ធារ៉ា អាចមានកម្លាំងពេញល្អ ជាងការប៉ះគ្នាលើកចុងក្រោយ ជាពិសេសការប្រកួតចុងក្រោយ ធារ៉ា ប៉ះ វង្ស វិឆ័យ គេមើលឃើញថាធ្វើបានល្អ ។
ការប្រកួតចុងក្រោយរបស់ រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា ពីរលើកកន្លង រឿង សោភ័ណ្ឌ ចាញ់ម្តង និងចុងក្រោយស្មើគ្នា ។
សូមបញ្ជាក់ថា ការប្រកួតលើកទី២រវាង រឿង សោភ័ណ្ឌ និង ធឿន ធារ៉ា នឹងធ្វើឡើងនៅថ្ងៃទី ២៨ ខែ មិថុនា នេះក្នុងកម្មវិធីអាឡិចហ្សង់ដែនដីអ្នកប្រយុទ្ធគុនខ្មែរ វេលាម៉ោង២:៤៥ នាទីរសៀល ខណៈក្នុងថ្ងៃនោះដែរនៅមានការប្រកួតគូពិសេស១គូទៀតរវាង ឡុង សំណាង និង គង់ សំបូរ ផងដែរ ៕