សែន រ៉ាដេត ថា រិន ដេវិត ល្អព្រោះឈ្នះខ្សែក្រវាត់មាស និងជាប់ជម្រើសជាតិ
ក្រោយផ្អាកឡើងសង្វៀនច្រើនខែ អ្នកប្រដាល់ខេត្តកោះកុង សែន រ៉ាដេត បានវិលមកវិញហើយនៅសប្តាហ៍នេះ ដោយត្រូវប្រកួត ដណ្តើមប្រាក់លានខារ៉ាប៉ាវជាមួយ កីឡាករ រិន ដេវិត លើទម្ងន់ ៥៤ នៅ ស្ថានីយ៍ CNC ។ កូនសិស្សលោក ស៊ន អេលីត បានបញ្ជាក់នៅកន្លែងហ្វឹកហាត់នាក្លិប នាយកដ្ឋានអង្គរក្ស ថា រូបគេបានសម្រុកហាត់យ៉ាងខ្លាំងសម្រាប់ប្រកួតនេះ ដើម្បីបង្កើនកម្លាំងមកវិញ ។ ចំណែកគូប្រកួតវិញ ក៏បានដឹងច្បាស់ដែរ ដោយមើលឃើញថាជាកីឡាករមានបច្ចេកទេសល្អ មិនអាចមើលស្រាលបាន ។
នេះជាលើកដំបូងហើយដែលកីឡាករទាំងពីរត្រូវប៉ះគ្នា ដោយ សែន រ៉ាដេត ខកខានឡើងសង្វៀនរយ:៤ខែមកហើយ ពោលចាប់តាំងពីឈ្នះ ខាំ ខ្លានាង មក ។ សូមបញ្ជាក់ថា ការប្រកួតរវាង សែន រ៉ាដេត និង រិន ដេវិត នឹងធ្វើឡើងនៅថ្ងៃ សៅរ៍ ទី ២៩ ខែ ឧសភា ២០២១ នេះ ក្នុងកម្មវិធី ដណ្តើមប្រាក់លានខារាប៉ាវ នៅសង្វៀន CNC ឬស្សីកែវ ចាប់ពីម៉ោង ២:៣០ នាទីរសៀល ៕