
រឿងពិតដែលទស្សនិកជនមិនបានដឹងពី ឃីម បូរ៉ា ក្រោយឈ្នះ ឈុត សេរីវ៉ាន់ថង

ឃីម បូរ៉ា និង ឈុត សេរីវ៉ាន់ថង
ព្រឹត្តិការណ៍ដ៏ជក់ចិត្តដែលទើបតែកន្លងទៅថ្មីៗនេះ ជាការប្រកួតដណ្តើមពានរង្វាន់កម្ពុជាង្វៀនគុនខ្មែររដូវកាលទី៣ក្រុមទី២វគ្គផ្តាច់ព្រ័ត្ររវាង ឈុត សេរីវ៉ាន់ថង និង ឃីម បូរ៉ា ជាលទ្ធផល កូនប្រុសរបស់លោកគ្រូ ហេង ប៊ុនឃីម ជាអ្នកឈ្នះពិន្ទុដោយឯកច្ឆ័នលើកូនប្រុសរបស់លោកគ្រូ ឈុត សេរី ហើយ បូរ៉ា និងបន្តទៅជួប តាញ់ មករា ដណ្តើមយកខ្សែក្រវាត់នៅថ្ងៃទី១៣ ខែមិថុនា ខាងមុខនេះ។

លោក ហេង ប៊ុនឃីម និង ឃីម បូរ៉ា
ក្រោយចប់ការប្រកួតរវាងគុនខ្មែរទាំង២ ក្រុមការងារ MSR SPORT បានទៅសាកសួរអំពីអារម្មណ៍របស់លោកគ្រូ ហេង ប៊ុនឃីម ដែលត្រូវជា ឳពុករបស់ បូរ៉ា ដោយលោកគ្រូបានមានប្រសាសន៍ប្រាប់ក្រុមការងារ MSR ឲ្យដឹងថា៖ ចាប់តាំងពីចាប់អាជីពជាអ្នកប្រដាល់មក នេះគឺជាលើកទី១ហើយដែលកូនប្រុសរបស់លោកមានឳកាសដណ្តើមបានពានរង្វាន់លេខ១ ទោះបីជាមិនមែនខ្សែក្រវ៉ាត់ក៏ដោយ ហើយលោកក៏នឹងស្មានមិនដល់ថាកូនប្រុសរបស់លោក អាចប្រកួតបានយ៉ាងល្អពេញ៥ទឹកបែបនេះដែរ ព្រោះកន្លងមកសុខភាព បូរ៉ា មិនដែលមានអំណោយផលប្រកួតបានស្ទុះពេញ៥ទឹកបែបនេះទេ។ ចំណែកឯ ឃីម បូរ៉ា ផ្ទាល់វិញក៏បានឲ្យដឹងផងដែរថា៖ រាល់ការប្រកួតដណ្តើមពានរង្វាន់ រឺក៏ខ្សែក្រវាត់ ភាគច្រើនបានតែលេខ២ មិនដែលបានលេខ១នោះទេ។

តាញ់ មករា និង ឃីម បូរ៉ា
សូមបញ្ជាក់ថា ការប្រកួតដណ្តើមខ្សែក្រវាត់រវាង ឃីម បូរ៉ា និង តាញ់ មករា បើមិនប្រែប្រួលនោះទេ និងធ្វើឡើងនៅថ្ងៃទី១៣ ខែមិថុនា នៅសង្វៀន CBS ( CTN, MYTV & CNC) ចាប់ពីវេលាម៉ោង៨និង១៥នាទីព្រឹកតទៅ៕