យល់យ៉ាងណាដែរ! បើព្រឹទ្ធាចារ្យបាល់ទាត់ ប៉ែន ផាត មកចែករំលែកបទពិសោធន៍នៅកម្ពុជាវិញ
យោងតាមគេហទំព័រហ្វេសប៊ុកផ្លូវការណ៍របស់កីឡដ្ឋាន SRU បានលើកឡើងក្នុងគោលបំណងស្ទាបស្ទង់មតិពីអ្នកគាំទ្របាល់ទាត់នាប្រទេសកម្ពុជាក្នុងការនាំយកព្រឹទ្ធាចារ្យបាល់ទាត់ ប៉ែន ផាត មកចែករំលែកបទពិសោធន៍នៅកម្ពុជាវិញ ខណៈបច្ចុប្បន្នលោកកំពុងស្នាក់នៅប្រទេសថៃ ដោយជាប់កុងត្រាបណ្ដុះបណ្ដាលក្រុមថ្នាលយុវជននៃក្លិបមួយរបស់ថៃ ។
ក្នុងនោះដែរ SRU បានបង្ហោះថា៖ បើនឹកដល់ឈ្មោះ ប៉ែន ផាត អ្នកគាំទ្របាល់ទាត់កម្ពុជាប្រាកដជាស្គាល់ថា លោកគឺជាវីរបុរសបាល់ទាត់ដ៏ល្បីល្បាញមួយរូបក្នុងអំឡុងទសវត្សន៍ទី៦០ និង៧០។ ប្រិយមិត្តយល់យ៉ាងណាដែរ ប្រសិនបើ SRU យើងអញ្ជើញលោកគ្រូមកចែករំលែកបទពិសោធន៍ និងធ្វើកម្មវិធីបង្ហាត់បាល់ទាត់ (Football Clinic) នៅលើទីលាននៃកីឡដ្ឋាន SRU ?
សូមរំលឹកថា អតីតកីឡាករបាល់ទាត់ដ៏ល្បីរបស់កម្ពុជា កាលពីទសវត្សរ៍ ៦០ និងទសវត្សរ៍ ៧០ លោក ប៉ែន ផាត ធ្លាប់ជួយក្រុមជម្រើសជាតិកម្ពុជាបំបាក់ក្រុមថៃ ៣-០ កាលពីឆ្នាំ១៩៧២ ហើយក៏ធ្លាប់លេងទល់ជាមួយ Pele ស្ដេចបាល់ទាត់ប្រេស៊ីល ដែលកាលនោះ លោកត្រូវជ្រើសរើសកីឡាករ Thai All Stars លេងទល់ក្លិប Santos របស់ប្រេស៊ីល ខណៈលោកលេងឲ្យ Rapracha FC របស់ថៃ៕