អ្នកតស៊ូគុនខ្មែរគោជល់ ៖ ឡៅ ចិត្រា សារភាពថាឈ្នះ រុងណាផា ទាំងលំបាក
ឈ្នះកីឡាករថៃ រុងណាផា កាលពីថ្ងៃ សៅរ៍ ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កីឡាករគុនខ្មែរវ័យក្មេង ឡៅ ចិត្រា បានសារភាពថាពិតជាលំបាកខ្លាំងសម្រាប់ការប្រកួតជាមួយកីឡាករថៃម្នាក់នេះ ដោយសារគេមានមាឌធំនិងរឹងមាំ ជាពិសេស ទម្ងន់ជើងរបស់គេធ្ងន់ធ្វើអោយរាងកាយរបស់គេមានការលំបាកច្រើន ទោះបីឈ្នះយ៉ាងណាក្តី ។
កូនសិស្សរបស់លោក ហង្ស សឿន បានបញ្ជាក់ថា ពិបាកដែរបងគេធ្លាប់វៃគីឡូធំ ចឹងទាត់គេអត់រង្គើនោះទេ ហើយជើងគេធ្ងន់ទៀត ម្យាងទៀតខ្ញុំទើបជាដៃនៅខ្លាចៗមិនទាន់វៃច្បាស់ដូចមុន នៅរឿងស្រៀវៗ យ៉ាងណាអរគុណបងប្អូនអ្នកគាំទ្រទាំងអស់ដែលតែងតែផ្តល់ជាកម្លាំងដល់រូបខ្ញុំ សង្ឃឹមថាការប្រកួតខាងមុខទៀតខ្ញុំនឹងធ្វើបានល្អជាងនេះ ។
គួររំលឹកថា ឡៅ ចិត្រា បានយកឈ្នះពិន្ទុអ្នកប្រដាល់ខេត្តសុរិន្ទ៍ិ រុងណាផា បន្ទាប់ពីតស៊ូជាមួយគ្នាពេញ៥ទឹកក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ ដែលធ្វើឡើងកាលពីថ្ងៃសៅរ៍ នាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ ក្រៅពីគូនេះកីឡាករគុនខ្មែរ សូត្រ ខេវិន បានយកឈ្នះកីឡាករអ៊ីរ៉ង់ ក្នុងទឹកទី៣ និងកីឡាករ គឹម វាសនា ត្រូវគ្រូពេទ្យ បញ្ឃប់ត្រឹមទឹកទី២ ដោយសារមានស្នាមរបួសធំ ក្រោយពីចូលមួយកែងរបស់កីឡាករថៃ យ៉តផេត ៕