ឡុង សុវណ្ណឌឿន វិលមកសង្វៀនសារជាថ្មីប៉ះដៃគូចាស់ (វីឌីអូ)
ក្រោយពេលខកខានឡើងសង្វៀនប្រកួតអស់រយៈពេលជាយូរដោយសារបញ្ហាសុខភាព និងការងារ ផ្ទាល់ខ្លួន អ្នកប្រដាល់គុនខ្មែរ ឡុង សុវណ្ណឌឿន បានតាំងចិត្តជាថ្មីក្នុងការវិលមកសង្វៀនប្រកួត វិញដោយត្រូវប៉ះអ្នកប្រដាល់ថៃ ណាំខៈបួន នៅថ្ងៃ អាទិត្យ ទី ២៣ កញ្ញា ឆ្នាំ២០១៨ នេះ ។
ទាក់ទងទៅនឹងការបាត់មុខច្រើនខែកូនសិស្សរបស់លោក ឡុង សាលវ័ន្ត បានបញ្ជាក់ថា មានកត្តា មួយចំនួនដែលត្រូវបង្ខំចិត្តផ្អាកការប្រកួតដូចនេះ ពោលការរវល់ជាមួយការលក់ទឹកបរិសុទ្ធគុនខ្មែរ និង ការងារនៅស្ថាប័ន CBS ខណៈបញ្ហារបួសជើងក៏ជាមូលហេតុដែរ ។
ពីរដងរួចមកហើយដែល ឡុង សុវណ្ណឌឿន និង ណាំខៈបួន ធ្លាប់ប៉ះគ្នាដោយឈ្នះម្តងម្នាក់ ខណៈ ជំនួបលើកទីបីនេះធ្វើឡើងក្នុងកម្មវិធីកំពូលអ្នកប្រដាល់អន្តរជាតិស្រាសាច់ដុំចាប់ពីម៉ោង ២ និង ៣០ នាទីនាសង្វៀន ស៊ី អ៊ី ស៊ី ឬស្សីកែវ ។
សូមបញ្ជាក់ថា ម្ចាស់ខ្សែសមរភូមិអ្នកប្រយុទ្ធគោជល់មិនសូវបានប្រកួតចាប់តាំងពីចប់ខ្សែក្រវាត់គោ ជល់វគ្គ៨ ហើយបានចេញទៅប្រកួតនៅថៃហ្វៃ និងប្រកួតចុងក្រោយចាញ់ពិន្ទុកីឡាករបារាំង ជូលៀន ៕ អត្ថបទ៖ ជោគជ័យ