
ដឹងអត់? ជ័យ កុសល ធ្លាប់ប្រកួតបានខ្សែក្រវាត់នៅ អូស្ត្រាលី និងចេញទៅ បារាំង ,អង់គ្លេស (វីឌីអូប្រកួត)
មានបងប្អូនមិនច្រើនទេដែលបានដឹងពីប្រវិត្តចេញទៅប្រកួតនៅក្រៅប្រទេសរបស់អតីតអ្នកប្រដាល់ គុនខ្មែរ ជ័យ កុសល ដោយរូបលោកធ្លាប់ទៅប្រឡូកនៅប្រទេសធំៗជាច្រើនដូចជា អូស្រ្គាលី បារាំង និង ប្រទេសអង់គ្លេស ជាដើម ។
សម្រាប់ការចេញទៅប្រកួតនោះលោកបានរៀបរាប់ប្រាប់ MSR ថា ៖ លោកបាន ចេញទៅប្រកួតនៅ ប្រទេសអូស្ត្រាលីចំនួន៤ដងក្នុងរយៈពីរឆ្នាំពោលក្នុងអំឡុងឆ្នាំ២០០៦ និង ២០០៧ ខណៈការ ចេញទៅប្រកួតម្តងៗលោកវ៉ៃ៤ ទៅ ៦ ប្រកួត ដោយចាញ់ប្រហែល ២ ទៅ ៣ ដងតែប៉ុណ្ណោះ ។ ម្ចាស់ក្លិបប្រដាល់កុសលកីឡា បន្ថែមថា ដោយមានឃើញសមត្ថភាពលោកអ្នករៀបចំការប្រកួត នៅ ប្រទេសអូស្ត្រាលី បានអោយលោកប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករបរទេស Willy The Kid ហើយលោកបានផ្តួលអោយបោះបង់ការប្រកួតយកបានខ្សែក្រវាត់ World Kun Khmer Champion W.K.F ។ នៅមិនទាន់អស់នោះទេលោកក៏ធ្លាប់ចេញទៅប្រកួតនៅប្រទេសបារំាង និងទៅបង្ហាត់គុនខ្មែរ នៅ ទីក្រុង ឡុងដ៍ ចក្រភពអង់គ្លេស ផងដែរ ។
សម្រាប់ក្នុងស្រុកវិញលោកក៏ធ្លាប់ឈ្នះក្រវាត់ផងដែរ និងធ្លាប់ឈ្នះជើងខ្លាំងខ្មែរជាច្រើននាក់ ដោយវ័យកាន់តែចាស់លោកបានបោះបង់ការឡើងសង្វៀន ក្នុងអំឡុងឆ្នាំ២០១១ ហើយចប្ចុប្បន្ននេះបុរសវ័យ៤០ឆ្នាំមានតួនាទីជាគណៈកម្មាការសហព័ន្ធប្រដាល់គុនខ្មែរ និងបើកក្លិបប្រដាល់ផ្ទាល់ខ្លួនឈ្មោះថា កុសលកីឡា ផងដែរ ៕ អត្ថបទ៖ ជោគជ័យ