ពេជ្រ ម្ទេសខ្មាំង អាចនឹងមានឱកាសប្រកួតដណ្តើមខ្សែក្រវាត់នៅភូមា
អ្នកប្រដាល់គុនខ្មែរ ពេជ្រ ម្ទេសខ្មាំង កំពុងក្លាយជាកីឡាករមួយដែលមានការចាប់អារម្មណ៍ខ្លាំង ក្រោយយកឈ្នះកីឡាករភូមាកាលពីថ្ងៃទី ២៩ កញ្ញា ខណៈថ្មីៗការធ្វើបច្ចុប្បន្នភាព ( Update ) ចុងក្រោយ របស់កម្មវិធី World Lethwei Championship បានបង្ហាញ ថាកីឡាករគុនខ្មែររូបនេះ ស្ថិតក្នុងចំណម កីឡាករល្អបំផុតលើប្រភេទទម្ងន់៥៧ ទៅ ៦០ គីឡូក្រាម ។
កម្មវិធីលេខមួយរបស់ប្រទេសភូមាបានជ្រើសរើសកីឡាករ៤រូបដែលធ្វើបានល្អបំផុតក្នុងកម្មវិធី ក្នុងនោះកីឡាករ ព័រទុយហ្គាល Antonio Faria ស្ថិតលេខ១ , ពេជ្រ ម្ទេសខ្មាំង ស្ថិតនៅលេខ ២ ខណៈ កីឡាករភូមាពីររូបស្ថិតនៅលេខ៣ និងលេខ ៤ គឺ Mite Yine និង Pha Kyaw Hae ។
កាលពីចេញទៅប្រកួតទាំង ពេជ្រ ម្ទេសខ្មាំង និង រឿង សោភ័ណ្ឌ សុទ្ធតែអាចមានឱកាស ប្រកួតដណ្តើមខ្សែក្រវាត់បើសិនពួកគេឈ្នះ ដូចនេះ ម្ទេសខ្មាំង អាចនឹងប៉ះជាមួយ Antonio Faria នៅថ្ងៃណាមួយ ។ ក្នុងនោះផងដែរ ម្ទេសខ្មាំង ធ្លាប់បានបញ្ជាក់ថា រីករាយជានិច្ចបើ បានទៅប្រកួតនៅទីនោះម្តងទៀត ។
សូមបញ្ជាក់ថា ពេជ្រ ម្ទេសខ្មាំង មានល្បីល្បាយនៅសង្វៀននេះ ក្រោយរូបគេបានយកឈ្នះកីឡាករ Mite Yine លំដាប់លេខ១របស់ភូមា ក្នុងកម្មវិធី World Lethwei Championship: HEARTLESS TIGERS ដែលធ្វើឡើងនៅប្រទេសភូមា កាលពីថ្ងៃទី ២៩ កញ្ញា ៕ អត្ថបទ៖ ជោគជ័យ