ដឹងមូលហេតុដែល ធឿន ធារ៉ា មិនបានឡើងប្រកួតហើយ
មុនពេលរៀបការរហូតដល់រៀបការហើយអ្នកលេងកែង ធឿន ធារ៉ា នៅតែមិនបានឡើងប្រកួតលើសង្វៀន ដោយអ្នកគាំទ្រជាច្រើនបានរង់ចាំការប្រកួតរបស់គេ និងមានចង់ដឹងមូលហេតុដែលបាត់មុខ អ្នកលេងកែងពិឃាដរូបនេះ ថ្មីៗនេះមានដំណឹងមកថាអ្នកប្រដាល់ដើមកំណើតខេត្តព្រៃវែងបានឈប់ឡើងប្រកួតលើសង្វៀន ។
ភរិយារបស់ ធឿន ធារ៉ា បានប្រាប់ MSR SPORT ថា ធារ៉ា ពិតជាបានឈប់ឡើងសង្វៀនប្រាកដមែន ដោយសារអ្នកគ្រប់គ្រងមិនអោយគាត់ប្រកួតនៅកម្ពុជា ពោលចង់អោយប្តីរបស់នាងប្រកួតនៅប្រទេសថៃ ខណៈ ធារ៉ា ចង់ឡើងសង្វៀននៅទឹកដីកំណើតជាង ។ នាងបន្តថា ធារ៉ា បានប្រាប់រូបនាងថា គាត់ពិតជាស្រលាញ់ប្រដាល់ណាស់ ហើយមិនចង់ឈប់ទេ ហើយរូបនាងក៏មិនបានហាមឃាត់ដែរ ដោយយល់ព្រមតាមការសម្រេចចិត្តរបស់ប្តី ។
ការរៀបរាប់បែបនេះមានន័យថា បើថ្នាក់លើអនុញ្ញាតអោយប្រកួតនៅប្រទេសកម្ពុជា ធឿន ធារ៉ា នៅតែ បន្តឡើងសង្វៀន ប៉ុន្តែបើអោយរូបគេប្រកួតនៅតែប្រទេសថៃគេមិនឡើងសង្វៀនទៀតទេ ។
សូមបញ្ជាក់ថា ធឿន ធារ៉ា មានភាពល្បីល្បាញចេញពីសង្វៀនប្រទេសថៃ Max Muay Thai និងធ្លាប់ប្រឡូកនៅសង្វៀនស្រុកខ្មែរច្រើនដែរ ហើយរូបគេបានចូលរោងការកាលថ្ងៃសៅរ៍ ទី០១ ខែមិថុនា ឆ្នាំ ២០១៩ នឹងមិនទាន់បានឡើងសង្វៀនវិញនៅឡើយទេ ។