បាង កាយ៉ាក ប្រាប់មូលហេតុដែលរូបគេមិនហ្វឹកហាត់នៅស្រុកខ្មែរ
បាង កាយ៉ាក គឺជាអ្នកប្រដាលគុនខ្មែរមួយរូបដែលមិនសូវមានឈ្មោះល្បីក្នុងព្រះរាជាណាចក្រកម្ពុជាប៉ុន្មានទេ តែបើសិនជានៅសង្វៀនប្រទេសថៃវិញ បាង កាយ៉ាក មានឈ្មោះបោះសំលេង ពិសេសគឺសង្វៀន Max Muay Thai តែម្តង។ មួយរយៈកាលចុងក្រោយនេះ បាង កាយ៉ាក ចាប់ផ្តើមមានមុខនៅសង្វៀនស្រុកខ្មែរច្រើនតាមរយៈការប្រកួតមិត្តភាពអន្តរជាតិ ហើយភាគច្រើនក៏ទទួលបានជ័យជំនះផងដែរ។
អ្នកប្រដាល់ដែលមានដើមកំណើតក្នុងខេត្តកោះកុងរូបនេះ បាននិយាយប្រាប់ MSR ថា សព្វថ្ងៃនេះរូបគេធ្វើការហ្វឹកហាត់នៅក្នុងក្លឹបមួយរបស់ខ្មែរក្នុងខេត្តរ៉ាកយ៉ងប្រទេសថៃ ដែលមានជាយដែនជាប់នឹងខេត្តកោះកុងប្រទេសកម្ពុជា។ អ្នកប្រដាល់គុនខ្មែរវ័យក្មេងអាយុ២០រូបនេះក៏បានប្រៀបថា ការហ្វឹកហាត់នៅក្នុងស្រុកខ្មែរ នឹងការហ្វឹកហាត់នៅក្នុងទឹកដីថៃ មានភាពខុសប្លែកគ្នា និយាយជារួមគឺទាក់ទងនឹងវិន័យហ្វឹកហាត់តែម្តង។
បាងកាយ៉ាក និយាយបន្ថែមថា ការហ្វឹកហាត់នៅស្រុកខ្មែរគ្រូក៏មានវិន័យតឹងរឹងដែរ តែវាជាផ្ទះខ្លួនឯង ទឹកដីខ្លួនឯង និង សំបូរមិត្តភ័ក្រច្រើន ដែលជាហេតុធ្វើឲ្យការហ្វឹកហាត់មានភាពមិនពេញលិញ តែបើធ្វើការហ្វឹកហាត់នៅស្រុកថៃវិញ មិនសូវសំបូរមិត្តភ័ក្រ្ត មិនសូវសំបូរកន្លែងដើរលេង ហាត់ចប់ដេកៗ ចឹងធ្វើអារម្មណ៌ហ្វឹកហាត់មូល ស្ទុះប្រកួតពេញ ដែលជាហេតុពេលឡើងប្រកួតម្តងៗតែងតែទទួលបានជ័យជំនៈ។