ប៊ុន សុធា ប្តេជ្ញាស្រង់ទាំងដើមទាំងការពី ឃុំភិឈិត វិញ!
ខ្ញុំធ្លាប់បរាជ័យ២ដងរួចជាមួយហើយ មានទាំងសន្លប់ និង ចាញ់ពិន្ទុកីឡាករថៃម្នាក់នេះ ប៉ុន្តែលើកនេះខ្ញុំជឿជាក់រហូតដល់ទៅ៦០ភាគរយ ក្នុងការដណ្តើមយកជ័យជម្នះពី ឃុំភិឈិត វិញឲ្យទាល់តែបាន។ នេះគឺជាការការលើកឡើងរបស់កូនសិស្សលោកគ្រូ ធន់ សុភា ខណៈដែលកីឡាករចិត្តសឿងរូបនេះ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបសងសឹកជាមួយគូថៃម្នាក់នេះ។ ជាមួយគ្នានេះ ប៊ុន សុធា បានបន្ថែមទៀតថា ទោះបីជារូបគេទើបតែធ្វើការធ្ងន់ជាមួយកីឡាករថៃ កៀបបានធិក កាលពីសប្តាហ៍មុនក៏ពិតមែន ប៉ុន្តែរូបគេក៏មិនខ្លាចចំពោះថ្ងៃគូនៅចុងសប្តាហ៍នេះឡើយ។
គួររំលឹកថា កាលពីឆ្នាំ២០១៨កន្លងទៅ ប៊ុន សុធា ធ្លាប់ចាញ់ ឃុំភិឈិត ចំនួន២ដង ដោយជួបលើកទី១ចាញ់សន្លប់ និង ជួបលើកទី២ចាញ់ពិន្ទុប្រផិតប្រផើយ។ ជាមួយគ្នានោះ អ្នកគាំទ្រខ្មែរយើងក៏បានបញ្ចេញទស្សនៈស្រដៀងៗគ្នាថា ឃុំភិឈិត មានប្រៀបជា ប៊ុន សុធា ត្រង់រឹងមាំ មាឌធំជាង ក្បាច់គុនមិនចាញ់គ្នា ប៉ុន្តែអ្វីដែលពិសេសនោះគឺគីឡូប្រកួតតែម្តង ព្រោះថា ខាងថៃគេប្រឹងសម្រក់មកវ៉ៃជាមួយយើង ខណៈដែលយើងត្រៀមប្រកួតលើគីឡូស៊ីន។
សូមបញ្ជាក់ថា ជំនួបសងសឹករវាង ប៊ុន សុធា និង ឃុំភិឈិត និងធ្វើឡើងនៅថ្ងៃអាទិត្យទី៣ ខែកក្តដា ចុងសប្តាហ៍នេះនៅសង្វៀន CNC ឬស្សីកែវ ដោយផ្សាយផ្ទាល់ចាប់ពីម៉ោង១១ថ្ងៃត្រង់តទៅ៕