កីឡានិស្សិតឧត្តមសិក្សាចប់ជាស្ថាពរ ខណៈអាស៊ីអឺរ៉ុបបានមេដាយមាសច្រើនជាងគេ
ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិ ឆ្នាំ២០២២ បានបិទបញ្ចប់ជាផ្លូវការនៅរសៀលថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២ ក្រោយឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញរយៈពេលពេញមួយសប្ដាហ៍។
ជាលទ្ធផលក្រុមកីឡាសាកលវិទ្យាល័យអាស៊ីអឺរ៉ុបឈរកំពូលតារាងមេដាយសរុបដែលមានមេដាយមាស២២ ប្រាក់៦ និងសំរឹទ្ធ២ សរុប៣០គ្រឿង។ វិទ្យាស្ថានខេមអេដ មានមេដាយសរុប៣៤គ្រឿង ក្នុងនោះមេដាយមាស៩គ្រឿង, ប្រាក់៩គ្រឿង និងសំរឹទ្ធ១៦គ្រឿង។ សាកលវិទ្យាល័យវេស្ទើនបានមេដាយសរុប១៧គ្រឿង ដែលមានមាស៨គ្រឿង ប្រាក់៩គ្រឿង និងសំរឹទ្ធ៤គ្រឿង។
សម្រាប់សាកលវិទ្យាល័យអាស៊ីអឺរ៉ុបក្នុងឆ្នាំ២០២២នេះ បានចូលរួមប្រកួតលើ៥ប្រភេទកីឡា មានបាល់បោះ វិញ្ញាសាបុរស, សីដកបុរស នារី, អត្តពលកម្មបុរនារី, តេក្វាន់ដូបុរសនារី និងប៉េតង់បុរសនារី។ កីឡាដែលរកបានមេដាយច្រើនជាងគេ គឺអត្តពលកម្ម ដែលមានមាស១៤គ្រឿង, ប្រាក់២គ្រឿង និងសំរឹទ្ធ១គ្រឿង។
សូមបញ្ជាក់ថា ការប្រកួតកីឡាឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិនេះ បានចាប់ផ្ដើមការប្រកួត កាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ ដោយមានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១,៤៤៣នាក់ មកពីមានគ្រឹះស្ថានឧត្តមសិស្សា និងមធ្យមសិក្សាបច្ចេកទេសសរុបចំនួន៣៨ ដែលប្រកួតលើ ១២ប្រភេទកីឡា ស្មើនឹង ៨៨វិញ្ញាសា៕