
ឈាន ហុង ថាស្វាគមន៍បានបើ សុខហ៊ុច ចង់លេងកែង
ក្រោយសម្រាកមួយរយៈពីការឡើងសង្វៀនប្រកួត ឈាន ហុង បានវិលមកវិញដោយត្រូវជួបជើងខ្លាំង លំដាប់ជួរគុនខ្មែរ មឿន សុខហ៊ុច ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ ព្រឹកថ្ងៃ សៅរ៍ ទី ១៦ ឧសភា នេះ នាសង្វៀន CBS ។
កីឡាករនៃក្លិបខ្លារខិនមានរិទ្ធ បានបញ្ជាក់ក្រោយចប់ការហ្វឹកហាត់ថា ជារឿងពិបាកខ្លះៗដែរដែលត្រូវ ប្រកួតជាមួយ មឿន សុខហ៊ុច ដោយសារគេបានយកឈ្នះជើងខ្លាំងស្រុកខ្មែរមួយចំនួនក្នុងមួយ រយៈពេលចុងក្រោយនេះ ។ ហុង បន្តថា ហ៊ុច ជាកីឡាករល្អ ទាត់និងដៃ ខណ:កែងក៏ជា អាវុធដ៏គ្រោះថ្នាក់ ប៉ុន្តែខ្ញុំអាចស្វាគមន៍បានទាំងអស់ មិនថាឈ្នះរឺចាញ់ ត្រូវតែអស់ពីសមត្ថភាព ។
ឈាន ហុង ជាអតីតកីឡាករនៃក្លិបក្រសួងការពារជាតិ ក្រោយផ្អាកឡើងសង្វៀនមួយរយៈ រូបគេសម្រេចចិត្តវិលមកវិញដោយចូលរួមជាមួយក្លិបខ្លារខិនមានរិទ្ធ នឹងបានចេញប្រកួតបានចំនួន២ដងរួចមកហើយឈ្នះទាំងពីរដង។
ចំណែក មឿន សុខហ៊ុច ប៉ះលំដាប់ជួរកម្ពុជា៤រូបកន្លងមកមិនទាន់ស្គាល់ពាក្យថាចាញ់នោះទេ ដោយឈ្នះ ឡុង សំណាង សួន ចាន់នី ឡៅ ចិត្រា និង យ៉េន ឌីណា ។
ក្រៅពីការប្រកួតមិត្តភាពរវាងកីឡាករទាំងពីរនៅមានការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន១គូផងដែររវាង ឈុត សេរីវាន់ថង ប៉ះ ពុទ្ធ សំបូរ ដោយចាប់ផ្តើមពីម៉ោង ៨ព្រឹក និងផ្សាយផ្ទាល់តាមទូរទស្សន៍ CTN CNC និង MYTV ៕