ប្រធានក្រុម Spurs ត្រូវប៉ូលីសចាប់ខ្លួន មុនពេលប្រកួតជាមួយ Man Utd
ប្រធានក្រុមមាន់ខ្នាយមាស Tottenham Hotspur អ្នកចាំទី Hugo Lloris ត្រូវបានប៉ូលីសចាប់ខ្លួន និងចោទប្រកាន់ពីបទ ស្រវឹងហើយបើកបរ។ ប៉ូលីស បានឃាត់ខ្លួនអ្នកចាំទីជម្រើសជាតិបារាំងនេះ នៅម៉ោងប្រមាណជា ២និង៣០ព្រឹកថ្ងៃសុក្រ ទី ២៤សីហានេះ កណ្តាលទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។
ប៉ូលីស បានឲ្យដឹងថា Hugo Lloris អាយុ ៣១ឆ្នាំ ត្រូវបានចោទប្រកាន់ថា ស្រវឹងហើយបើកបរ ហើយគាត់ក៏ត្រូវតម្រូវឲ្យឡើងតុលាការ នៅថ្ងៃអង្គារ ទី ១១ខែកញ្ញា ខាងមុខ បន្ទាប់មានការបង់ប្រាក់ធានា ក្រោយពីស្ថិតនៅប៉ុស្តិ៍ប៉ូលីស ជាង ៧ម៉ោងមក។
គួរជម្រាបជូនថា ករណីស្រវឹងបើកបររបស់ Lloris នេះ បានកើតឡើងតែ ២ថ្ងៃប៉ុណ្ណោះ មុនពេល Spurs ត្រូវប្រកួតជាមួយ Man Utd នៅថ្ងៃចន្ទ ដែលជាសប្តាហ៍ទី ៣ ក្នុងក្របខណ្ឌ Premier League។ សូមបញ្ជាក់ដែរថា ការចាប់ខ្លួននេះ គឺជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះថា Lloris ជាកីឡាករដ៏ស្ងៀមស្ងាត់ម្នាក់ លើប្រព័ន្ធផ្សព្វផ្សាយ ដោយគាត់តែងតែព្យាយាមរក្សាកេរ្តិ៍ឈ្មោះ មិនឲ្យកើតមានរឿងមិនល្អនោះទេ ទោះបីគាត់ជាម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 និងជាអ្នកចាំទីជម្រើសទី១ ដ៏សំខាន់របស់ Spurs ក៏ដោយ៕