៧ប្រទេស ដែលមានអ្នកជឿជាក់ច្រើនជាងគេថានឹងលើកពាន World Cup ២០១៨
គេហទំព័រ Moneycontrol News បានធ្វើការព្យាករណ៍ថា មានក្រុមបាល់ទាត់ជម្រើសជាតិចំនួន ៧ប្រទេស ដែលអ្នកគាំទ្រជឿជាក់បំផុត ថានឹងលើកពានរង្វាន់បាល់ទាត់ពិភពលោក World Cup 2018 នៅប្រទេសរុស្ស៊ី។ ចង់ដឹងថា មានក្រុមណាខ្លះ តាមដានទាំងអស់គ្នា៖
1. ប្រេស៊ីល៖ ដោយសារតែបទពិសោធន៍បរាជ័យយ៉ាងចុកចាប់ ចាញ់អាល្លឺម៉ង់ 1-7 ក្នុងទឹកដីខ្លួនឯង នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup 2014 ប្រេស៊ីល បានប្រឹងប្រែងពង្រឹងក្រុមជម្រើសជាតិជាខ្លាំង ដើម្បីស្តារកិត្តិយសឡើងវិញ។ តាមរយៈកិច្ចប្រឹងប្រែងនេះ ប្រេស៊ីល បានក្លាយជាក្រុមដំបូងដែលទទួលបានកៅអី មកប្រកួត World Cup 2018 នៅរុស្ស៊ី បន្ទាប់ពីប្រកួតឈ្នះអាហ្សង់ទីនេះ និងឈីលី 3-0 ដូចគ្នា។ សម្រាប់ប្រេស៊ីល មកដល់ពេលនេះ Neymar ខ្សែប្រយុទ្ធវ័យ ២៦ឆ្នាំ នៅតែជាកីឡាករលេចធ្លោរជាងគេ ដែលនឹងធ្វើឲ្យទម្រង់លេងក្នុងក្រុមកាន់តែអស្ចារ្យ។
2. អាល្លឺម៉ង់៖ អាល្លឺម៉ង គឺជាជើងឯកចាស់ ដែលទាំងកីឡាករ ទាំងទម្រង់លេង នៅតែមានភាពស៊ីសង្វាក់គ្នា បើទោះបីជាលទ្ធផលការប្រកួតមិត្តភាពសមមុន World Cup អាល្លឺម៉ង់ ជួបភាពអវិជ្ជមានមួយចំនួនក៏ដោយ។ ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ មានកីឡាករជាច្រើន ដែលកំពុងលេងនៅក្របខណ្ឌបាល់ទាត់កំពូលៗរបស់អឺរុប។
3. អេស្ប៉ាញ៖ បន្ទាប់ពីធ្វើមិនសូវបានល្អ ទាំងកាលពីការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៤ និង European Championship ឆ្នាំ ២០១៦ អេស្ប៉ាញ បានព្យាយាមពង្រឹងខ្សែបម្រើ និងខ្សែការពាររបស់ខ្លួន។ ទម្រង់លេងរបស់ជម្រើសជាតិអេស្ប៉ាញ ពេលនេះ មានភាពគួរឲ្យជឿជាក់បាន ព្រោះគេមានខ្សែការពារមាំៗជាច្រើនដូចជា Sergio Ramos និង Gerard Pique រួមទាំងអ្នកចាំទីដៃឯង David De Gea។ យ៉ាងណាក៏ដោយ ចំណុចដែលទំនងជាគួរឲ្យបារម្ភសម្រាប់ក្រុម La Roja នោះ គឺខ្សែប្រយុទ្ធដែលមិនសូវមានសុខភាពមាំទាំ ដូចជា Alvaro Morata និង Diego Costa។
4. អាហ្សង់ទីន៖ ដំណឹងល្អនោះគឺ Messi ព្រមត្រលប់មកចូលរួមជាមួយជម្រើសជាតិអាហ្សង់ទីនវិញ បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ ក្រោយការប្រកួត European។ Messi នឹងជួយ ដឹកនាំតាក់ទីក សម្រាប់ក្រុមជាមួយកីឡាករល្អៗជាច្រើន ដូចជា Aguero, Higuain, Di Maria ជាដើម។
5. បែលហ្ស៊ិក៖ បែលហ្ស៉ិកពេលនេះ មិនដូចបែលហ្ស៊ិកពីមុន ដែលស្ទើរតែមិនអាចឆ្លងលេងក្នុងការប្រកួតបាល់ទាត់លំដាប់អន្តរជាតិបាននោះទេ។ បែលហ្ស៊ិក ជំនាន់នេះ មានខ្សែការពារ ខ្សែប្រយុទ្ធ និងខ្សែបម្រើឆ្នើមៗជាច្រើន ដូចជា៖ Hazard, De Bruyne Dries Mertens, Romelu Lukaku, Micky Batshuayi, Toby Alderweireld, Jan Vertonghen និង Vincent Kompany រួមជាមួយអ្នកចាំទី Thibaut Courtois របស់ Chelsea។ មើលទៅ ទាំងមុខ ទាំងក្រោយ ទាំងកណ្តាលរបស់បែកហ្ស៊ិក ដូចជាមិនមានចន្លោះសោះ!
6. បារាំង៖ បារាំងមានកីឡាករវ័យក្មេងៗច្រើន ដែលកំពុងជាកីឡាករសំខាន់ៗ សម្រាប់ក្លឹបបាល់ទាត់កំពូលៗនៅអឺរុប ដូច្នេះសម្រាប់ការប្រកួត World Cup នៅរុស្ស៊ីលើកនេះ មាន់គោកបារាំង (Les Blues) ទំនងជាមិនធ្វើឲ្យអ្នកគាំទ្រ អាក់អន់ចិត្តដូចពេលមុនៗនោះទេ។
7. អង់គ្លេស៖ ពេលនិយាយពីតោកំណាចអង់គ្លេស គេហាក់ដូចជាមិនសូវព្រឺសំបុរទេ ព្រោះជាទូទៅ អង់គ្លេសបង្ហាញទម្រង់លេងមិនសូវល្អសោះ នារយៈពេលចុងក្រោយនេះ នៅ World Cup ។ កត្តានេះហើយ ទើបអង់គ្លេសចង់ស្តារមុខមាត់ឡើងវិញ តាមរយៈ World Cup នៅរុស្ស៊ី។ អ្វីដែល អង់គ្លេសមាន គឺកីឡាករល្អៗនៅក្របខណ្ឌ English Premier ៕