អ្នកគាំទ្រមាន់ខ្នាយមាសបាននិយាយថាពួកគេអស់ការអត់ធ្មត់ជាមួយ kane ហើយ!
(BC-99)
ព្យុះភ្លៀងហាក់ដូចជានឹងត្រូវបោកបក់ចំពោះក្លិបបាល់ទាត់ Tottenham Hot Spur ក្រោយពេលដែលតារាស៊ុតរបស់ពួកគេគឺ Hary Kane បានគេចវេសមិនចូលហ្វឹកហាត់ជាមួយក្រុមកាលពីពេលកន្លងទៅនេះ។
ព៌ត៌មានបានលេចចេញកាន់តែច្បាស់អំពីការចចាររវាង Hary Kane និងក្លិបជើងឯក Premier League ២០២១ Manchester City អំពីការផ្លាស់ប្ដូរដ៏ធំមួយ។ ថ្វីត្បិតតែភាគីទាំងពីរបានព្រមព្រាងគ្នាយ៉ាងណាក្តីក៏វាគ្រាន់តែជាការដើរទៅមុខមុនមួយជំហានលើសក្រុម Tottenham Hot Spur តែប៉ុណ្ណោះ។ Man City អាចនឹងយល់ព្រមលើលក្ខខណ្ឌផ្ទាល់ខ្លួនរបស់ Kane នៅពេលដែលរូបគេក្លាយជាកីឡាករថ្មីលើទឹកដី Etihad តែក្រុមដែលដឹកនាំដោយលោក Pep Guardiola នេះមិនទាន់ត្រូវរ៉ូវគ្នាជាមួយក្លិប មាន់ខ្នាយមាស អំពីតម្លៃទិញដូរក្នុងទំហំទឹកប្រាក់១០០លានផោននៅឡើយទេ។
ក្រោយពី Kane បានបញ្ចេញឥរិយាបទជំទាស់ទៅនិងក្លិបរបស់ខ្លួនតាមរយៈការមិនចូលរួមហ្វឹកហាត់បែបនេះស្រាប់តែគេឃើញមានរលកកំហឹងរបស់ប្រិយមិត្តគាំទ្រក្រុម Spurs បានធ្វើការបញ្ចេញមតិវាយប្រហារទៅលើ Kane ជាខ្លាំង។ ពួកគេបានបញ្ចេញមតិរិះគន់ចំពោះកីឡាករអង់គ្លេសរូបនេះតាមរយៈបណ្តាញសង្គមរួមរបស់ក្លិបនិងរបស់ឯកជនជាដើម។