ចាយជិត១ពាន់លានដុល្លារហើយ Pep នៅមិនទាន់ឡើងវគ្គ៤ក្រុម UCL
ក្រុមមហិច្ឆិតាខ្ពស់ Manchester City មិនដែលបង្ហាញខ្លួនវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League ទេចាប់តាំងពីលោក Pep Guardiola កាន់តំណែងអ្នកចាត់ការនៅរដូវក្តៅឆ្នាំ ២០១៦ ។
សារព័ត៌មាន Marca រាយការណ៍ថា Pep Guardiola នៅតែជួបរឿងខកចិត្តក្នុងសមរភូមិ UEFA Champions League ។ ក្រុមមេឃខៀវបានចំណាយថវិកាសរុបចំនួន ៨០០ លានអឺរ៉ូ ឬជាង៩០០លានដុល្លារអាមេរិកសម្រាប់លោក Pep ពង្រឹងក្រុម តែមិនទាន់ទទួលបានជោគជ័យឡើយទេ។
ជាក់ស្ដែង ក្រុមអង់គ្លេសមួយនេះបានប្រកួតចាញ់ Lyon ១ទល់នឹង៣ នៅវគ្គ៨ក្រុម ថ្ងៃសៅរ៍ ទី១៥ ខែសីហា។
Marca សង្កត់ថា “៖ការឈឺចាប់ជាងនេះគឺការចាញ់ Man City ទោះពួកគេត្រូវបានគេកោតសរសើរ ក្រោយទម្លាក់ Real Madrid នៅវគ្គ១៦ក្រុម។ នេះទំនងជាបណ្ដាសារសម្រាប់លោក Pep Guardiola នៅ UEFA Champions League។ឆ្នាំទីមួយ ក្រុមរបស់លោកចាញ់ AS Monaco នៅវគ្គ៨ក្រុម។ បន្ទាប់មកចាញ់ Liverpool និង Tottenham នៅវគ្គ ១/៤ ដូចៗគ្នា។”
កាលនៅដឹកនាំ FC Barcelona លោក Pep ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រចំនួន ៤ លើកដោយឈ្នះជើងឯក Champions League ពីរក្នុងឆ្នាំ ២០០៩ និង ២០១១៕