មន្ត្រីជំនាញម្នាក់ប្រចាំសហព័ន្ធបាល់ទាត់កម្ពុជាទទួលមរណភាព
លោក យ៉ែម វណ្ណៈ មន្ត្រីវាយតម្លៃអាជ្ញាកណ្ដាល និងជាគ្រូបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានទទួលមរណភាពនៅព្រលប់ថ្ងៃសៅរ៍ ទី១៥ ខែសីហា នេះដោយរោគាពាធ ដែលប្រភពជិតស្និទ្ធមួយបញ្ជាក់ថា ជាជំងឺទឹកនោមផ្អែម។
ជាមួយគ្នានេះ លោក ថោង ច័ន្ទកិត្យា អតីតអាជ្ញាកណ្ដាលកម្រិត FIFA ឲ្យ MSR SPORT ដឹងថា លោក យ៉ែម វណ្ណៈ ចាប់ផ្ដើមឈឺធ្ងន់ពីរង្វង់មួយសប្ដាហ៍ទៅកន្លះខែនេះប៉ុណ្ណោះ ហើយក៏ទៅសម្រាកព្យាបាលឯស្រុកកំណើត នាខេត្តកំពង់ធំ។ ដោយសារជំងឺចេះតែខ្លាំងក្លាទៅ ក្រុមគ្រួសារបានបញ្ជូនលោកមកសង្គ្រោះភ្នំពេញវិញ។
លោក ថោង ច័ន្ទកិត្យា លម្អិតបែបនេះ “៖គាត់ចាប់ផ្ដើមឈឺប្រហែលមួយខែនេះមើលទៅ តែគាត់ក៏បានឆ្លៀតបង្រៀនវគ្គអាជ្ញាកណ្ដាលហ្វូតសាលកាលចុងខែមុន ហើយក្រោយមកគាត់ក៏បានទៅមើលជំងឺនៅកំពង់ធំ។ ថ្ងៃមិញ គាត់ធ្វើទុក្ខខ្លាំង ហើយបងប្អូនក៏បញ្ជូនមកពេទ្យនៅភ្នំពេញ តែអកុសលគាត់ក៏បានផុតនៅល្ងាចមិញខ្ទង់ម៉ោង៧កន្លះ។”
គួរដឹងដែរថា លោក យ៉ែម វណ្ណៈ បានរួមចំណែកបណ្ដុះបណ្ដាលអាជ្ញាកណ្ដាលយ៉ាងច្រើននៅកម្ពុជាទាំងលក្ខណៈទីលានធំ និងខ្នាតតូច៕