
ថៃអនុញ្ញាតិអោយអ្នកគាំទ្រចូលទស្សនាការប្រកួតកីឡាប្រដាល់វិញ!
(BC-99)
MSR បានធ្វើការចុះផ្សាយរួចមកហើយស្តីអំពីស្ថានភាពកីឡាប្រដាល់ថៃដែលត្រូវបានអនុញ្ញាតិអោយធ្វើការប្រកួតឡើងវិញ តែអ្វីដែលកាន់តែធ្វើអោយមានការចាប់អារម្មណ៍នោះគឺនាយកមន្តី្រថៃបានបើកភ្លើងបៃតងអោយអ្នកគាំទ្រចូលទស្សនាបានវិញក្រោយពីមានការហាមឃាត់មួយរយៈពេលកន្លងមកនេះ។

រូបភាពមុនជំងឺ Covid-19
ដោយយោលទៅលើការផុសលើបណ្តាញសង្គម Facebook របស់លោក ថាវីន សដានឆៃ ដែលជាគ្រូប្រដាល់របស់ក្លឹប សដានឆៃ និងជាប្រតិភូនាំកីឡាករថៃមកប្រកួតនៅកម្ពុជាផងនោះបានអោយដឹងតាមរយៈឯកសារពីរសន្លឹកដែលបានណែរនាំអោយអ្នកគាំទ្រប្រដាល់នៅប្រទេសថៃអាចចូលទស្សនាបានវិញនៅតាមកម្មវិធីប្រកួតនីមួយៗ។
ក៏ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏គេនៅពុំទាន់អនុញ្ញាតិអោយអ្នកចូលទស្សនាមានចំនួនច្រើនណែនណាន់តាន់តាប់ពេញកន្លែងរៀបចំកម្មវិធីប្រកួតឡើយ ពោលគឺត្រូវកំណត់ចំនួនអ្នកទស្សនានិងត្រូវអនុវត្តន៍តាមការណែរនាំស្តីពីវិធានការណ៍ទប់ស្កាត់និងប្រឆាំងមេរោគ Covid-19 អោយបានខ្ពស់ជាទីបំផុត។

រូបភាពមុនជំងឺ Covid-19
នៅកម្ពុជាយើងឯណេះវិញបើទោះមានសកម្មភាពប្រកួតជាធម្មតាទៅតាមកម្មវិធីធំៗប្រចាំស្ថានីយ៍ទូទស្សន៍ផ្សេងៗក៏ដោយក៏រាជរដ្ឋាភិបាននៅមិនទាន់អនុញ្ញាតិអោយអ្នកគាំទ្រចូលទស្សនាដោយផ្ទាល់នៅឡើយទេ។ ក៏ប៉ុន្តែគ្រប់កម្មវិធីប្រកួតប្រដាល់នៅកម្ពុជាប្រហែលជាអាចបើកអោយមានការប្រកួតជាលក្ខណអន្តរជាតិ ខ្មែរ-ថៃ ជាថ្មីឡើងវិញក្នុងករណីប្រទេសទាំងពីរបើកចំហរព្រំដែនទៅវិញទៅមកដែរ។