Alonso នាំ Leverkusen ឡើងវគ្គ៤ក្រុម Europa League ជាលើកដំបូង
Bayer Leverkusen បានយកឈ្នះម្ចាស់ផ្ទះ Union របស់បែលហ្ស៊ិក ដោយលទ្ធផល១ទល់នឹង៤ ក្នុងជើងទី២ វគ្គ៨ក្រុមចុងក្រោយ UEFA Europa League។ កាលជើងទី១ ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ ដូច្នេះនេះជាលើកដំបូងហើយដែលក្រុមរបស់អាល្លឺម៉ង់ Leverkusen ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League នេះ។
តាមពិតទៅរដូវកាល ១៩៩៤/៩៥ ពួកគេក៏ធ្លាប់ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានលេខ២របស់អឺរ៉ុបមួយនេះដែរ តែកាលណោះនៅជាឈ្មោះ UEFA Cup នៅឡើយ។
ដោយនាំក្រុម Leverkusen ពីលេខ១៦ដល់លេខ៦នៅ Bundesliga ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជាមួយនឹងលទ្ធផលមិនចាញ់សោះ១២ប្រកួត នេះជាលទ្ធផលដ៏អស្ចារ្យសម្រាប់គ្រូបង្គោល Xabi Alonso។ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Alonso នឹងជួប Roma ដែលដឹកនាំដោយគ្រូចាស់ខ្លួន គឺលោក Jose Mourinho៕