
មេធំ Man UTD ចង់លក់កីឡាករ៦នាក់នេះចេញនៅរយៈពេល១ខែទៀត
សារពត៌មាន Dailymail នៅអង់គ្លេសបានរាយការណ៍អោយដឹងថា Manchester United កំពុងសម្លឹងលក់ចេញខ្សែការពារចំនួន៦នាក់ មុនពេលទីផ្សារដោះដូរកីឡាករត្រូវបិទក្នុងរយៈពេលមួយខែទៀត។
អ្នកចាត់ការថ្មី Erik ten Hag កំពុងបន្តរៀបចំក្រុមឡើងវិញ ដូច្នេះលោកចង់បញ្ចេញកីឡាករដែលមិនស្ថិតក្នុងគម្រោងរបស់លោក។ សម្រាប់កីឡាករដែលក្លិបបិសាចក្រហមចង់លក់ចេញមានដូចជា Alex Telles, Aaron Wan-Bissaka, Erik Baily, Axel Tuanzebe, Ethan Laird និង Phil Jones ដែលសុទ្ធសឹងតែមិនសូវជាតម្រូវការនៅទឹកដី Old Trafford។
ការមកដល់របស់ខ្សែការពារ Tyrell Malacia បានរុញ Alex Telles ទៅរកទ្វារចាកចេញ។Wan-Bissaka ដែល Man UTD ទិញពី Crystal Palace ក្នុងតម្លៃខ្លួន៥០លានផោនកាលពីឆ្នាំ២០១៩ ហាក់បង្ហាញទម្រង់លេងមិនសូវល្អដូចដែលក្លឹបបានរំពឹងសោះ។ Crystal Palace ពេលនេះចាប់អារម្មណ៍ចង់ខ្ចីជើងកីឡាកររបស់ខ្លួនត្រលប់ទៅវិញ ស្របពេល United មិនសូវប្រើការ។
រីឯកីឡាករ Phil Jones ដែលញាំញីដោយសារបួសកំពុងត្រូវបានសម្លឹងឃើញពីក្លឹបនៅអាមេរិក D.C United ដែលដឹកនាំដោយអតីតមិត្តរួមក្រុម Wayne Rooney។ Baily សញ្ជាតិកូឌីវ័រ Man Utd ទិញមកកាលពីឆ្នាំ២០១៦ក្នុងតម្លៃខ្លួន៣០លានផោន កំពុងមានការចាប់អារម្មណ៍ពីក្លឹប៣គឺ AC Milan, Fulham និង Sevilla៕
អត្ថបទន៖ F11