Sterling ព្រមានចេញពី Man City បើមិនបានចូលលេងច្រើន
Raheem Sterling និយាយថា គេនឹងបើកចំហរចំពោះការចាកចេញទៅលេងនៅក្រៅប្រទេស ប្រសិនបើមិនទទួលបានឱកាសចូលលេងច្រើននៅ Manchester City។
កិច្ចសន្យារបស់ខ្សែបម្រើជម្រើសជាតិអង់គ្លេសរូបនេះនៅ Man City នឹងអស់សុពលភាពក្នុងឆ្នាំ២០២៣ ហើយគេបង្ហើបថា វាជាក្ដីស្រមៃតាំងពីក្មេងក្នុងការចេញទៅលេងនៅក្រៅប្រទេស។
“ប្រសិនបើមានឱកាសទៅនៅក្រៅប្រទេស ខ្ញុំនឹងទទួលយក។” នេះជាការបញ្ជាក់របស់ Sterling។
“ពេលនេះ បាល់ទាត់ពិតជាសំខាន់សម្រាប់ខ្ញុំ។ ខ្ញុំតែងតែគិតពីការចេញទៅប្រកបអាជីពនៅក្រៅប្រទេស ហើយខ្ញុំនឹងរង់ចាំវា។” Sterling បន្ថែម។
Sterling ជាប់ជម្រើសដំបូងតែម្ដងគត់តាំងពីបើករដូវកាលថ្មីនៃក្របខណ្ឌ Premier League។ ការមកដល់របស់ Jack Grealish ពី Aston Villa តម្លៃ១០០លានផោន បានធ្វើឲ្យទីតាំងលេងរបស់ Sterling កាន់តែប្រកួតប្រជែងខ្លាំង។
អតីតកីឡាករ Liverpool រូបនេះអះអាងថា មិនមែនជាការត្អូញត្អែរ ឬចង់ឲ្យមានរឿងរ៉ាវធំអីទេ គ្រាន់តែគេមិនសូវបានលេងទៀងទាត់ និងទាត់បញ្ចូលទីដូចមុន៕