Koeman ថា ស្ទើរមិនជឿដែល Barca ធ្លាក់ជើងដល់ម្លឹង
លទ្ធផលស្មើគ្នា១ទល់នឹង១ជាមួយ Deportivo Alaves ធ្វើឲ្យ FC Barcelona រអិលដល់លេខ១២ក្នុងតារាងក្របខណ្ឌ La Liga ក្រោយចប់ការប្រកួតសប្ដាហ៍ទី០៦ នៅថ្ងៃសៅរ៍ ទី៣១ ខែតុលា។
លោក Ronald Koeman អ្នកចាត់ការក្រុមអ្នកមានបុណ្យអះអាងថា លោកស្ទើរតែមិនជឿឡើយ ក្រុមរបស់លោកធ្លាក់ជើងដល់ថ្នាក់នេះ។
គ្រូបង្វឹកជនជាតិហុល្លង់រៀបរាប់បែបនេះ “៖ខ្ញុំបារម្ភពីប្រសិទ្ធភាពរបស់កូនក្រុម។ Barcelona ត្រូវតែរកគ្រាប់បាល់ឲ្យច្រើនជាងនេះ។ កាលប៉ះ Juventus យើងគួរតែរកបានច្រើន ហើយប៉ះជាមួយ Alaves ក៏អ៊ីចឹងដែរ។ មិនគួរជឿសោះថា Barca ធ្លាក់ដល់ថ្នាក់នេះ។”
អតីតអ្នកចាត់ការ Everton បន្ថែម “៖នៅវគ្គទីមួយ យើងមានឱកាសច្រើន ហើយនៅតំបន់គ្រោះថ្នាក់ក៏គួរសម។ នៅវគ្គទីពីរការលេងពិតជាបានល្អ។ ខ្ញុំពិតជាបារម្ភប្រសិនបើក្រុមមិនអាចបង្កើតឱកាសបានច្រើន។”
លទ្ធផលត្រឹមស្មើនេះមានន័យថា Barcelona នៅក្រោមក្រុមកំពូលតារាង Real Madrid ដល់ទៅ៨ពិន្ទុ តែលេងតិចជាងមួយប្រកួត។ នេះជាលើកដំបូងហើយដែលក្រុមនៅ Camp Nou បើករដូវកាលជាមួយលទ្ធផលមិនល្អតាំងពីរដូវកាល២០០២/២០០៣។ កាលណោះពួកគេបញ្ចប់នៅចំណាត់ថ្នាក់លេខ៦ និងឈរមើល Real Madrid លើកពាន La Liga៕