គ្រូ Chelsea ថា ក្រុមខ្លួនមិនទាន់ត្រៀមខ្លួនសម្រាប់ Premier League រដូវកាលថ្មី
គ្រូបង្វឹក Chelsea លោក Thomas Tuchel បានសារភាពថា ក្រុមរបស់លោកមិនទាន់ត្រៀមខ្លួនរួចរាល់ទេ សម្រាប់ការប្រកួតប្រជែងក្របខណ្ឌ Premier League រដូវកាលថ្មី ដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ។
ទាក់ទិននឹងរឿងនេះបុរសវ័យ៤៨ឆ្នាំ បានអោយដឹងថា “ការប្រកួត Pre-Season មានរយៈពេលយូរមែនទែន។ គ្រប់គ្នាមានភាពហត់នឿយនិងអស់កម្លាំងខ្លាំងក្នុងការប្រកួតនៅសហរដ្ឋអាមេរិក។ ហើយត្រូវធ្វើដំណើរត្រឡប់មកវិញ វាពិតជាមិនងាយស្រួលទេ។”
លោកបន្ថែមទៀតថា “ចុងសប្តាហ៍នេះ យើងគ្មានការរៀបអ្វីផ្សេងក្រៅពីការប៉ះ Everton នោះទេ។ រដូវកាលថ្មីគឺនៅនឹងមុខយើង។ ដូច្នេះមានចំណុចជាច្រើន ដែលយើងត្រូវកែលម្អ។ យើងមិនទាន់ត្រៀមខ្លួនរួចរាល់ទេ។ ប៉ុន្តែយើងក៏មិនចាំបាច់ត្រៀមឥឡូវនោះដែរ។ ព្រោះយើងមានពេល១សប្តាហ៍ទៀត ដូច្នេះជាពេលវេលាសម្រាប់ពួកយើង ដើម្បីឈានដល់កម្រិតល្អបំផុត។ ហើយទោះយ៉ាងណាវាតែងតែជារឿងល្អនៅពេលរដូវកាលថ្មីមកដល់។”
អត្ថបទ ៖ F11