សម្រង់សម្ដី និងខ្លឹមសារសំខាន់ៗពី Messi ក្នុងសន្និសីទលា Barcelona
Lionel Messi បានធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃអាទិត្យ ទី០៨ ខែសីហា ឆ្នាំ២០២១នេះ ស្ដីពីការចាកចេញរបស់គេពី FC Barcelona។
ខាងក្រោមជាសម្រង់សម្ដី និងខ្លឹមសារសំខាន់ៗពី Lionel Messi ទាំងស្រក់ទឹកភ្នែកថា ៖
- ខ្ញុំចង់បន្តនៅ Barcelona។ ទីនេះជាផ្ទះរបស់យើង។ នេះជាគម្រោងរបស់ខ្ញុំ តែថ្ងៃនេះខ្ញុំត្រូវនិយាយលា បន្ទាប់ពីចំណាយពេលយ៉ាងច្រើននៅទីនេះ។
- តាមពិតទៅ កុងត្រារបសខ្ញុំអូខេអស់ហើយ! ខ្ញុំប្រុងថា ចាំមកពីសម្រាកលំហែកាយវិញ សឹមប្រកាសប្រាប់។ ជាអកុសល ដូចដែលលោក Laporta ពន្យល់ហើយ គឺនៅនាទីចុងក្រោយ ពាក់ព័ន្ធនឹង La Liga អ្វីៗក៏មិនអាចកើតឡើង។
- ឆ្នាំមុន ខ្ញុំចង់ចេញ តែឆ្នាំនេះ អត់ទេ។ ខ្ញុំនិយាយជាមួយគ្រួសារហើយថា យើងនឹងបន្តនៅទីនេះ នៅផ្ទះរបស់យើង គឺជាអ្វីដែលយើងចង់ធ្វើ។ ផ្ទុយទៅវិញ ថ្ងៃនេះ ខ្ញុំត្រូវនិយាយលាទៅវិញ។
- ខ្ញុំគិតថា អ្វីៗត្រូវបានដោះស្រាយរួចអស់ហើយ តែចុងក្រោយ បែរជាមិនអាចទៅរួច ដោយសារតែបញ្ហារបស់ La Liga។ នេះជាអ្វីដែលបានកើតឡើង។
- ខ្ញុំមិនអាចនិយាយអ្វីពីក្លិបបានទេ។ លោក Laporta និយាយហើយថា ដោយសារតែ La Liga។ ខ្ញុំអាចនិយាយបានត្រឹមថា ខ្ញុំព្យាយាមអស់ហើយដើម្បីបានបន្តនៅទីនេះទៀត។
- ខ្ញុំចាកចេញពីក្លឹបនេះដោយមិនបានឃើញអ្នកគាំទ្រអស់រយៈពេលមួយឆ្នាំកន្លះ។ ខ្ញុំចង់និយាយលាដោយវិធីផ្សេងជាមួយអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋាន។
- ថ្ងៃនេះខ្ញុំត្រូវនិយាយលាហើយដល់អ្វីៗទាំងអស់នេះ។ ខ្ញុំនៅទីនេះចាប់តាំងពីខ្ញុំមានអាយុ ១៣ ឆ្នាំវាមានរយៈពេលពេល ២១ ឆ្នាំខ្ញុំនឹងត្រូវចាកចេញជាមួយប្រពន្ធខ្ញុំនិងកូនតូចបីនាក់របស់ខ្ញុំ។ នេះគឺជាផ្ទះរបស់យើង។
- ខ្ញុំគ្មានសង្ស័យឡើយបន្ទាប់ពី ៣-៤ ឆ្នាំក្រោយពួកយើងនឹងត្រលប់មកវិញ ទីនេះគឺជាផ្ទះរបស់យើង។
- ខ្ញុំពិតជាអរគុណដល់អ្នកគ្រប់គ្នាចំពោះការយកចិត្តទុកមកដល់ខ្ញុំ។
ទាក់ទងទៅនឹងសំណួរថាតើគេនឹងចូលរួមជាមួយ PSG មែនទេ Messi ឆ្លើយបែបនេះ ៖
- ខ្ញុំមិនទាន់បានបញ្ជាក់ជាមួយនរណាទេ តែជាគោលដៅមួយដែលអាចទៅរួច។ ពេលមានព័ត៌មានហ្នឹង មានគេតេសួរខ្ញុំច្រើន តែមិនទាន់មានអ្វីត្រូវព្រមព្រៀងនៅឡើយទេ។
Lionel Messi បានបញ្ចប់ការរួមរស់រយៈពេល២១ឆ្នាំជាមួយ FC Barcelona ពោលរាប់តាំងពីក្រុមថ្នាលមក។ កិច្ចសន្យារបស់គេបានអស់សុពលភាពនាដំណាច់ខែមិថុនា ឆ្នាំ២០២១។ Barcelona បញ្ជាក់ថា La Liga មានច្បាប់មិនឲ្យផ្ដល់ប្រាក់ខែលើសពីចំនួនដែលត្រូវបានកំណត់ទេ។ ថ្មីៗនេះ Messi ត្រូវបានភ្ជាប់ទៅនឹងការផ្លាស់ទៅក្លិបបារាំង Paris Saint Germain៕