Premier League និង FA គ្រោងនឹងបញ្ចប់រដូវកាលភ្លាមៗប្រសិនបើមានការរាលដាលនៃមេរោគឆ្លង
(BC-99)
ថ្នាក់ដឹកនាំរបស់ក្របខណ្ឌ Premier League និងសហព័ន្ធ FA កំពុងរៀបចំផែនការសម្រាប់បិទបញ្ចប់រាល់ការប្រកួតនៅរដូវកាលនេះប្រសិនបើមេរោគកូរ៉ូណាកាន់តែរីករាលដាលខ្លាំងជាងនេះ។

រូបភាពស្តីពីមេរោគកូរ៉ូណារាត្បាតជុំវិញពិភពលោក
ខណៈពេលដែលប្រធាន UEFA បានចំណាយពេលត្រឹមតែ ២ នាទីដើម្បីពិភាក្សាអំពីផលប៉ះពាល់នៃវិបត្តិវីរុសផ្លូវដង្ហើមដែលកំពុងកើនឡើងនៅតាមបណ្តារប្រទេសនៅអឺរ៉ុបនោះ ក៏ប៉ុន្តែនៅអង់គ្លេសឯណេះវិញកំពុងតែយកចិត្តទុកដាក់ខ្លាំងជាងនេះទៅទៀត។ ជម្រើសមួយដែល Premier League និង FA កំពុងតែធ្វើការពិចារណាគឺបិទមិនអោយមានមនុស្សចូលទៅទស្សនាការប្រកួតដែលនៅសល់។
សម្រាប់អ្នកគាំទ្រក្រុមហង្សក្រហមវិញក៏បានបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនខ្លាចក្រែង Liverpool នឹងមិនក្លាយជាម្ចាស់ជើងឯក Premier League ឡើយប្រសិនបើជំងឺរលាកស្រោមខួរត្រូវបានរាតត្បាតពេញទំហឹងដែលធ្វើអោយ Premier League ដាច់ខាតត្រូវតែបិទបញ្ចប់ការប្រកួតនិងទុកជាមោឃៈលទ្ធផលរបស់ក្របខណ្ឌនៅរដូវកាលនេះនោះ។

រូបភាពស្តីពីមេរោគកូរ៉ូណារាត្បាតនៅចក្រភពអង់គ្លេស
នាយករដ្ឋមន្រ្តី Boris Johnson បានសារភាពបន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មាធិការសង្គ្រោះបន្ទាន់ COBRA របស់រដ្ឋាភិបាលកាលពីម្សិលមិញថា វីរុសនេះទំនងជារីករាលដាលខ្លាំងជាងការរំពឹងទុក។ ដូចនេះមានន័យថារាល់ព្រិត្តិការណ៍សាធារណៈរួមទាំងការប្រកួតបាល់ទាត់ផងនោះអាចនឹងត្រូវមោឃភាពការប្រកួត ឬពន្យារពេលការប្រកួត ឬក៏ឱ្យពួកគេប្រកួតដែលមានតែកាមេរ៉ាសម្រាប់ផ្សាយនៅចំពោះមុខកន្លែងអង្គុយដែលទំនេរតែប៉ុណ្ណោះ។

នាយករដ្ឋមន្រ្តីអង់គ្លេសក្នុងកិច្ចប្រជុំ
គួរបញ្ជាក់ថាមានជិត ៧០ ករណីហើយដែល អង់គ្លេស បានរកឃើញពីការឆ្លងជំងឺប្រភេទនេះ។ គេនៅរង់ចាំតែការឆ្លើយតបពីប្រធានសុខាភិបាលមួយទេថាការរីករាលដាលជំងឺខាងលើនឹងជះឥទ្ធពលមួយណាដល់ចក្រភពនេះ បន្ទាប់មកទៀតទើប Premier League និង FA ត្រូវសម្រេចចិត្តបន្ទាប់ថាធ្វើអ្វីទើបជាការគួរ។

ការិយាល័យរបស់សហព័ន្ធបាល់ទាត់ Premier League