ខ្សែបម្រើគួរចាប់អារម្មណ៍៥រូបនៅ EURO 2020
អ្នកលេងក្នុងតួនាទីបម្រើពិតជាសំខាន់ក្នុងក្រុមនីមួយៗ។ នៅ EURO 2020 ក៏មានខ្សែបម្រើជាច្រើនដែលនឹងរះត្រដែតឡើង។
១. Bruno Fernandes
ក្រុមការពារតំណែងជើងឯកព័រទុយហ្គាល់ស្ថិតក្នុងពូលជាមួយបារាំង, អាល្លឺម៉ង់ និងហុងគ្រី។ យ៉ាងណា ក្រុមរបស់គ្រូបង្វឹក Fernando Santos មិនបាច់បារម្ភច្រើនពេកទេ ពេលមានខ្សែបម្រើជាច្រើន ជាពិសេស Fernandes។ រដូវកាល២០២០/២០២១ កីឡាកររូបនេះរកបាន២៨គ្រាប់ និង assist ១៨ដងពីគ្រប់កម្មវិធីសម្រាប់ Manchester United ដែលជាសមិទ្ធផលដ៏ល្អសម្រាប់ខ្សែបម្រើ។
២. Kevin de Bruyne
ដោយសារបញ្ហារបួសក្នុងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League កន្លងទៅ De Bruyne ទំនងខកខានជំនួបបើកឆាក EURO។ យ៉ាងណា គេនៅតែជាកីឡាករដ៏គ្រោះថ្នាក់មួយសម្រាប់ក្រុមបិសាចក្រហមអឺរ៉ុប។
ស្ថិតិបង្ហាញថា យ៉ាងហោចណាស់ គេអាច assist មួយដងក្នុង២ប្រកួតសម្រាប់ក្រុម។ ដោយមាន Romelu Lukaku ជាខ្សែប្រយុទ្ធដ៏មុតស្រួច De Bruyne អាចក្លាយជាអ្នកបញ្ជូនដ៏ខ្លាំងមួយនៅ EURO ឆ្នាំនេះ។
៣. Phil Foden
រដូវកាលនេះ Foden កាន់តែចាស់ទុំ និងគ្រោះថ្នាក់របស់ Manchester City។ Foden ត្រូវបានគេរំពឹងថា នឹងក្លាយជាកម្លាំងសំខាន់សម្រាប់អង់គ្លេសនៅ EURO។
៤. Federico Chiesa
Chiesa ស្ថិតក្នុងចំណោមកីឡាករដ៏លេចធ្លោមួយរូបនៅ Juventus។ ក្នុងតំណែងជាខ្សែបម្រើ កីឡាករវ័យក្មេងអ៊ីតាលីរូបនេះមានសមត្ថភាពបង្កើតគ្រាប់បាល់គួរកត់សម្គាល់។ រដូវកាលនេះ គេរកបាន១៤គ្រាប់ និង assist ៩ដងសម្រាប់ Juventus។
៥. Serge Gnabry
ស្ថិតក្នុងពូលជាមួយបារាំង និងព័រទុយហ្គាល់ ក្រុមអាល្លឺម៉ង់ពិតជាត្រូវការកីឡាករដ៏ពូកែដូច Gnabry។ គេមានទំនុកចិត្ត និងអាចក្លាយជាឆ្អឹងខ្នងសម្រាប់អាល្លឺម៉ង់។
Gnabry រកបាន១៥គ្រាប់ពីការលេង២០ប្រកួតសម្រាប់អាល្លឺម៉ង់។ គេមានល្បឿន និងបច្ចេកទេសដែលអាចជួយឲ្យតំបន់ប្រយុទ្ធអាល្លឺម៉ង់មានភាពគ្រោះថ្នាក់៕