Xhaka វាយបកដោយពាក្យសម្តីថា “លាមកគោ” ទៅកាន់អតីតកីឡាករម្នាក់របស់បិសាចក្រហម Manchester United
(BC-99)
ក្រោយពីបានរងបរាជ័យក្រោមថ្វីជើងសិស្សប្អូន Sheffield United ១-០ ក្នុងជំនួបសប្តាហ៍ទី៩នៃក្របខ័ណ្ឌ Premier League កាលពីយប់ថ្ងៃចន្ទកន្លងទៅរួចមកក្រុមកាំភ្លើងធំ Arsenal បានទទួលរងការវាយប្រហារពីអ្នកវិភាគកីឡាផ្សេងៗដែលក្នុងនោះក៏មានអតីតកីឡាកររបស់ក្រុមបិសាចក្រហម Manchester United ម្នាក់ផងដែរ។
ក្នុងកម្មវិធីវិភាគកីឡារបស់ស្ថានីយ៍ទូរទស្សន៍នាទីក្រុង London ចក្រភពអង់គ្លេស Patrice Evra អតីតកីឡាករ Man Utd បាននិយាយថា “មិននឹកស្មានថាពួកគេ (Arsenal) ធ្វើអោយភ្លាត់ស្នៀតចំពោះក្រុមដែលទើបតែឡើងមកពី Division អ៊ីចឹងសោះ។ ពួកគេលេងមិនខុសពីកូនតូចៗរបស់ខ្ញុំឡើយ”។ Evra បានរម្លឹកឡើងវិញកាលដែលគេបានជួយអោយក្រុម Manchester United ឈ្នះពានរង្វាន់ UEFA Champions League លើកចុងក្រោយនៅឆ្នាំ២០០៨ថា “កាលពី១០ឆ្នាំមុន ខ្ញុំមើលទៅពួកគេ (Arsenal) ហាក់ដូចជាមិនទាន់មានភាពចាស់ទុំនៅឡើយទេ ជាការពិតណាស់នៅពេលនេះពួកគេនៅតែជាកូនក្មេងដដែល គឺដូចជាកូនៗខ្ញុំយ៉ាងដូច្នោះ ខ្ញុំធ្លាប់បានហៅពួកគេថាកូនៗ”។
ក្រោយពីអតីតកីឡាករជម្រើសជាតិបារាំងរូបនេះនិយាយមិនទាន់បានចប់ប៉ុន្មានផងប្រធានក្រុមរបស់ Arsenal នាពេលបច្ចុប្បន្នគឺកីឡាករស្វីស Granit Xhaka បានធ្វើការវាយបកទៅវិញថា “តាមពិតគាត់ (Evra) ក៏ជាកីឡាករបាល់ទាត់ម្នាក់ដែរ។ នៅក្នុងការប្រកួតគេនិយាយតែពីបច្ចេកទេសលេងតែប៉ុណ្ណោះ តែមិនដឹងជាលាមកគោអីទេបានជាគាត់និយាយបែបនេះទៅវិញ” “ខ្ញុំតែងតែគោរពគាត់ ព្រោះគាត់ធ្លាប់ជាកីឡាករដ៏ល្អមួយរូប ដូចនេះគាត់គួរតែប្រយ័ត្នពាក្យសម្តីរបស់ខ្លួនឯង!” Xhaka បានបន្ថែម។
គួរបញ្ជាក់ដែរថាក្រោយពីឆ្លងកាត់ការប្រកួតចំនួន៩លើកនៅដើមរដូវកាលនេះកាំភ្លើងធំ Arsenal រកបាន១៥ពិន្ទុឋិតនៅចំណាត់ថ្នាក់លេខ៥ រីឯក្រុមបិសាចក្រហម Manchester United រកបាន១០ពិន្ទុឋិតនៅចំណាត់ថ្នាក់លេខ១៤នៃតារាងបាល់ទាត់ Premier League។