Barca ចាញ់ Bilbao ធ្លាក់ចេញពី Copa del Rey
Barcelona បានជ្រុះចេញពីការប្រកួតពានរង្វាន់ Copa del Rey វគ្គ៨ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ Athletic Bilbao ៤ទល់នឹង២ នៅកីឡដ្ឋាន San Mames ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤។
លេងបានតែកន្លះនាទីនៃវគ្គទី១ Gorka Guruzeta បានទាត់បញ្ចូលទីឱ្យ Bilbao នាំំមុខបានសម្រេច តែដល់នាទី២៦ Robert Lewandowski យកជើងរងបាល់ពីការទាត់ដោយខ្សែការពារ Bilbao ហើយបាល់ចូលទីតាមស្មើបានសម្រេច។ ៦នាទីក្រោយ Lamine Yamal ទាត់ពីក្រៅប្រអប់មួយជើងឆ្វេងចូលទីនាំមុខសម្រាប់ក្រុមអ្នកមានបុណ្យវិញម្ដង។
Bilbao បានតាមស្មើវិញក្នុងនាទី៤៩ ដោយ Oihan Sancet។ ការប្រកួតឈានដល់ម៉ោងបន្ថែម១៥នាទី២ដង ហើយបងប្អូនត្រកូល Williams គឺ Inaki និង Nico រកបានគ្រាប់បាល់ជ័យជម្នះម្នាក់មួយគ្រាប់។
ដូច្នេះ Barcelona និង Real Madrid ដែលឈ្នះពាន Copa del Rey ១០ដងក្នុងចំណោម១៥លើកចុងក្រោយ បានធ្លាក់ពីការប្រកួតឆ្នាំនេះដូចគ្នា៕