លីហ្គកំពូលបាល់ទាត់កម្ពុជារដូវកាលថ្មីចាប់ផ្តើមហើយ
ការប្រកួតពានរង្វាន់បាល់ទាត់លីហ្គកំពូលកម្ពុជារដូវកាលថ្មីនឹងចាប់ផ្តើមប្រកួតនៅថ្ងៃសៅរ៍ សប្តាហ៍នេះហើយដែលមានការប្រកួតជាច្រើនគូតាមកីឡដ្ឋានដែលជាម្ចាស់ផ្ទះរៀងៗខ្លួន ។ ឆ្នាំនេះមានការចូលរួមពីក្រុមចំនួន១៣ ខណៈកាលពីរដូវកាលមុនមានក្រុម១៤ ដោយកំពង់ចាមត្រូវបានដកចេញក្នុងរដូវកាលថ្មីនេះ ។
យោងតាមកម្មវិធីប្រកួតរបស់គណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)នៃសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបង្ហាញការប្រកួតផ្លូវការថា ការប្រកួតនៅថ្ងៃសៅរ៍ រួមមាន៖ ក្រុមយុវជនបាទី ប៉ះក្រុមកងយោធពលខេមរភូមិន្ទ ដែលជាអតីតក្រសួងការពារជាតិ, វិសាខា ប៉ះ អគ្គស្នងការដ្ឋាននគរបាលជាតិ ហើយភ្នំពេញក្រោន ប៉ះ អគ្គិសនីកម្ពុជា។ ចំពោះការប្រកួតនៅថ្ងៃអាទិត្យ មាន៣ប្រកួតដែរ ដែលជាការជួបគ្នារវាងក្រុមអង្គរថាយហ្គឺរ ប្រកួតជាមួយបឹងកេត, អាស៊ីអឺរ៉ុបយូណាយធីត ជួប គីរីវង់សុខសែនជ័យ ខណៈក្រុមការពារម្ចាស់ដំណែងជើងឯក ព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបប្រកួតជាមួយ សូលទីឡូអង្គរ។ ការប្រកួតសន្សំពិន្ទុ មានចំនួន១៣សប្តាហ៍ សម្រាប់ជើងទី១ និង១៣សប្តាហ៍ទៀត សម្រាប់ជើងទី២ សរុប២៦សប្តាហ៍ ដោយចាប់ផ្តើមពីថ្ងៃទី១៥ កុម្ភៈ និងគ្រោងបញ្ចប់នាថ្ងៃទី២៥ ខែតុលា ខាងមុខ។
សូមបញ្ជាក់ថា នារដូវកាលថ្មីនេះសហព័ន្ធបាល់ទាត់កម្ពុជាបានប្រកាសអំពីការបង្កើនប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកផងដែរ ខណៈឆ្នាំមុនក្រុមព្រះខ័នរាជស្វាយរៀងជាជើងឯកដោយទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល និងចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup ផងដែរ ៕