
បញ្ហារបស់ ច្រឹង ពលរដ្ឋ ពេលទៅដល់ក្លឹប Buriram
លីគកំពូលថៃត្រូវបានប្រជាជននៅអាស៊ីអាគ្នេយ៍ ចាត់ទុកជាលីគធំបំផុតមួយនៅក្នុងតំបន់។ វាមានភាពអំណោយផលច្រើននៅក្នុងប្រទេស ដែលជាហេតុនាំឲ្យកីឡាបាល់ទាត់នៅប្រទេសថៃ មានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ ក្លឹបនីមួយៗនៅលីគកំពូលថៃ មានការប្រកួតប្រជែងគ្នាយ៉ាងខ្លាំងក្លា ដោយមានការដោះដូរ និងទិញកីឡាករក្នុងតម្លៃខ្លួនថ្លៃៗ មិនចាញ់ប្រទេសមហាអំណាចនៅអាស៊ីប៉ុន្មានឡើយ ដោយសារមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ម្ចាស់ឧត្តម និងអ្នកគាំទ្រផ្ទាល់។
តួយ៉ាងកាលពីប៉ុន្មានខែមុន ក្លឹបលំដាប់នៅលីគកំពូលថៃ Buriram United បានប្រកាសជាផ្លូវការជាមួយសមាជិកថ្មីគឺ អតីតកីឡាករជម្រើសជាតិកម្ពុជា ច្រឹង ពលរដ្ឋ ក្រោមកិច្ចសន្យាខ្ចីជើង2ឆ្នាំ ជាមួយក្លឹប ក្រសួងការពារជាតិ របស់កម្ពុជា។ កន្លងផុតមួយរយៈ ជាពេលដែល ច្រឹង ពលរដ្ឋ ត្រូវដល់ពេលចាប់ផ្ដើមជាមួយក្លឹបថ្មី Buriram ប៉ុន្តែអ្វីដែលចោតជាបញ្ហានោះគឺប៉ុន្មានថ្ងៃមុននេះ គ្រូពេទ្យពិនិត្យសុខភាពជំនាញរបស់ក្លឹបBuriram បានបញ្ចាក់ពីលទ្ធផលពិនិត្យសុខភាពថា របួសសសៃពួរជង្គង់របស់ ពលរដ្ឋ នៅមិនទាន់ជាសះស្បើយ100ភាគរយទេ ដែលជាហេតុបង្ខំឲ្យពលរដ្ឋ ត្រូវត្រឡប់មកកាន់មាតុភូមិវិញដើម្បីបន្តតាមដាន និងព្យាបាលជំងឺបន្ថែម។
សូមបញ្ជាក់ផងដែរថា ច្រឹង ពលរដ្ឋ ជាកីឡាករខ្មែរដំបូងគេ ដែលត្រូវបានក្លឹបនៅលីគកំពូលថៃ ទាក់ទងឲ្យទៅចូលរួមជាមួយនៅចុងឆ្នាំនេះ ខណៈមានព័ត៌មានមិនច្បាស់ការមួយបានលើកឡើងថា វឌ្ឍនាកា ជាកីឡាករទី2 ដោយចូលរួមជាមួយជើងខ្លាំង Chiang Rai United FC ផងដែរ។ ទោះជាយ៉ាងណា យើងនឹងចាំមើលលទ្ធផលទាំងអស់គ្នា ទាំងរបួសរបស់ ច្រឹក ពលរដ្ឋ និងអនាគត់របស់ វឌ្ឍនាកា ថាតើនឹងទៅជាយ៉ាងណា?