សូត្រ ខេវិន ឡើងប៉ះ លន បញ្ញា ដណ្តើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ
គុនខ្មែរ សូត្រ ខេវិន បានក្លាយជាម្ចាស់ជើងឯកក្រុមទី២ កម្ពុជាសង្វៀនគុនខ្មែរ បន្ទាប់ពីបានយកឈ្នះកីឡាករ សោម វិឆ័យ ដោយពិន្ទុក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ នាព្រឹកថ្ងៃ សៅរ៍ ទី ២៦ ខែ កញ្ញា ឆ្នាំ ២០២០ នាសង្វៀន CNC ឬស្សីកែវ ។ ការឈ្នះជើងឯកនេះធ្វើអោយកូនប្រុសរបស់លោកគ្រូ សួន ប៊ុនសូត្រ ត្រូវឡើងប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាករ លន បញ្ញា ដែលជាម្ចាស់ជើងឯកក្រុមទី១ អមដោយប្រាក់រង្វាន់ ៦ពាន់ដុល្លារអាមេរិក ។ ក្នុងការប្រកួតនៅថ្ងៃនេះដែរ ឡុង ឡា ទទួលបានចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីបានយកឈ្នះពិន្ទុកីឡាករ សេក គឹមរួន ។
មុនឈ្នះជើងឯកនេះ សូត្រ ខេវិន បានយកឈ្នះជើងខ្លាំងគុនខ្មែរចំនួន៣នាក់ ក្នុងនោះឈ្នះ រិន សារ័ត្ន វគ្គជម្រុះ បន្តឈ្នះ សេក គឹមរួច វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងចុងក្រោយឈ្នះ សោម វិឆ័យ នេះតែម្តង ។ ខេវិន ទទួលបាន ម៉ូតូ១គ្រឿន លុយ៥០០ដុល្លារ និងឱកាសទៅដណ្តើមខ្សែក្រវាត់ ។ ការប្រកួតដណ្តើមខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែររដូវកាលទី៤ រវាង សូត្រ ខេវិន និង លន បញ្ញា គ្រោងធ្វើឡើងនៅពីរសប្តាហ៍បន្ទាប់ ៕