ធន់ ចាន់តាក់ មិនដើរទៅណាឆ្ងាយក្នុងថ្ងៃបុណ្យអុំទូក ដោយសុខចិត្តសង្ងំហាត់ព្រោះតែចង់បានខ្សែក្រវាត់
ដោយត្រូវត្រៀមខ្លួនប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រក្រុមទី១ ក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែររដូវកាលទី២ ធន់ ចាន់តាក់ មិនហ៊ានដើរលេងសប្បាយៗដូចមិត្តក្នុងក្រុមនោះទេ ដោយទុកពេលវេលាហ្វឹកហាត់ឲ្យបានច្រើន ដើម្បីត្រៀមខ្លួនប្រកួតជាមួយកីឡាករថៃ ភិតណងបី នៅចុងសប្តាហ៍ថ្ងៃសៅរ៍ទី១៦ ខែវិច្ឆិកា នេះ។ ជាមួយគ្នានោះ កូនសិស្សរបស់លោក ធន់ សុភា រូបនេះក៏មានបំណងចង់បានខ្សែក្រវ៉ាត់កម្ពុជាសង្វៀនគុនខ្មែររដូវកាលទី២មកពាក់លើខ្លួនផងដែរ ទោះបីដឹងថាត្រូវឆ្លងកាត់ការប្រកួតពិបាកៗ២ដំណាក់ទៀតក៏ដោយ។
ថ្លែងក្នុងកិច្ចសំភាសន៍ជាមួយក្រុមការងារ MSR ធន់ ចាន់តាក់ បាននិយាយថា៖ រូបគេត្រៀមខ្លួនគ្រប់គ្រន់ដើម្បីប្រកួតជាមួយកីឡាករថៃ ម្យ៉ាងវិញទៀតរូបគេក៏បានដឹងអំពីសមត្ថភាពថៃរូបនេះផងដែរ ហើយរូបគេនឹងខំប្រឹងឲ្យអស់ពីសមត្ថភាពដើម្បីទទួលបានជ័យជំនៈ។ ក្នុងនោះលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ក្នុងសាលាគុនក្រសួងការពារជាតិ ក៏មានជំនឿចិត្តលើកូនសិស្សរបស់ខ្លួនថាអាចធ្វើបាន ដោយយោងទៅលើការហ្វឹកហាត់ជាប្រចាំរបស់ ចាន់តាក់។
សួមបញ្ជាក់ថា ធន់ ចាន់តាក់ និង ប្រកួតជាមួយកីឡាករថៃ ភិតណងបី នៅព្រឹកថ្ងៃសៅរ៍ក្នុងសង្វៀន CBS ដោយផ្សាយផ្ទាល់ដំណាលគ្នា៣ប៉ុស្តិ៍វេលាម៉ោង៨និង៣០នាទីព្រឹកតទៅ ហើយក៏មានការប្រកួតគូផ្សេងៗជាច្រើនទៀត ក្នុងនោះអ្នកឈ្នះក្នុងវគ្គផ្តាច់ព្រ័ត្រជុំទី១នេះនិងទទួលបានថវិកា៥០០ដុល្លាររួមនិងម៉ូតូ Zoomer X ១គ្រឿងផងដែរ៕