ក្រោយពីគ្មានការងារធ្វើមួយរយៈពេលនេះវីរបុរសកាំភ្លើងធំ Henry ក្លាយជាអ្នកដឹកនាំក្រុមបាល់ទាត់សាជាថ្មី
(BC-99)
អតីតកីឡាករស៊ុតបាល់បញ្ចូលទីគ្មានគូប្រៀបនៅ Arsenal Thierry Henry ត្រូវបានគេអះអាងថាបានក្លាយជាអ្នកចាត់ការថ្មីរបស់ក្រុមបាល់ទាត់ដែលឋិតក្នុងក្របខណ្ឌ MLS Montreal Impact លើកិច្ចសន្យារយៈពេល ២ ឆ្នាំ។
អតីតកីឡាករជម្រើសជាតិបារាំងវ័យ៤២ឆ្នាំនេះផងដែរបានវិលរកកន្លែងអង្គុយក្នុងនាមជាអ្នកដឹកនាំក្រុមបាល់ទាត់វិញហើយបន្ទាប់ពីរូបគេមិនបានទទួលជោគជ័យក្នុងអាជីពជាអ្នកចាត់ការទូទៅរបស់ Monaco ដែលត្រូវបានគេបណ្តេញចេញកាលពីខែមករាក្រោយពីបានបំពេញកាតព្វកិច្ចបានតែ២០ប្រកួតតែប៉ុណ្ណោះ។ ការបណ្តេញចេញពីតួនាទីបែបនេះ វាបានក្លាយទៅជារឿងដំណាលដ៏អាក្រក់ដែលបានដិតដាមជាប់អតីតកាលរបស់ Thierry Henry ដោយសារតែការដឹកនាំរបស់លោកមិនល្អនៅ Monaco។
២០ប្រកួតដែលលោក Henry បានគ្រប់គ្រង Monaco ដែលជាក្លិបដ៏ខ្លាំងមួយរកជ័យជម្នះបានតែ៤ប្រកួតប៉ុណ្ណោះ ក៏ប៉ុន្តែត្រូវរងបរាជ័យដល់ទៅ១១ដងនិងស្មើ៥ដងនៅក្របខណ្ឌ Ligue 1។
ហាក់ដូចជាមានការស្រោចស្រង់អាជីពរបស់ខ្លួនឡើងវិញយ៉ាងដូច្នោះដែរ នៅពេលដែលក្លិប Montreal Impact បានផ្តល់ឱកាសអោយអតីតជំនួយការគ្រូបង្វឹកប៊ែលហ្សិករូបនេះត្រលប់មកធ្វើជាអ្នកចាត់ការនៅ MLS វិញ។
Henry ក៏ធ្លាប់បានចំណាយពេល៥ឆ្នាំផងដែរក្នុងនាមជាកីឡាករបាល់ទាត់ម្នាក់នៅ New York Redbull របស់អាមេរិកដែលក្នុងខណៈពេលនោះគេបានស៊ុតបញ្ចូលទីបាន៥២គ្រាប់ក្នុងចំនោម១៣៥ប្រកួតនាអឡុងឆ្នាំ ២០១០-២០១៤។
និយាយអំពីការផ្លាស់ប្តូរនេះ Henry បានប្រាប់គេហទំព័ររបស់ Montreal ថា“ វាជាកិត្តិយសណាស់ដែលបានក្លាយជាគ្រូបង្វឹកនៃក្រុម Montreal Impact និងបានវិលត្រឡប់មកកាន់ MSL សាជាថ្មី”។