ម៉ឺន សុភា មិនមានការផ្តាស់ប្តូរទេ ខណៈ គង់ សំបូរ ជំនួស ប៊ុនឌឿន ក្នុងការចេញទៅ Thai Fight
ការចេញទៅប្រកួតកម្មវិធី Thai Fight នាថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កីឡាករគុនខ្មែរ វៀក ប៊ុនឌឿន ត្រូវផ្តាស់ប្តូរចេញជំនួសដោយមិត្តរួមក្លិប គង់ សំបូរ ខណៈ ម៉ឺន សុភា ដែលមានព័ត៌មានថាត្រូវផ្លាស់ប្តូរជំនួសដោយ ធី តុងហ៊ី នោះមិនមែនជាការពិតនោះទេ នេះបើតាមការបញ្ជាក់របស់អ្នកដឹកនាំគុនខ្មែរចេញប្រកួតក្រៅប្រទេសលោក ជា រិទ្ធ ។
លោក ជា រិទ្ធ គ្រូបង្វឹកនៃក្លិបគុហារព្រហ្មជ័យខេត្តសៀមរាប បានបញ្ជាក់ថា គង់ សំបូរ ពិតជាបានជំនួស វៀក ប៊ុនឌឿន ពិតប្រាកដមែនដោយសារ ប៊ុនឌឿន គាត់មានបញ្ហារបួសច្រមុះក្នុងអំឡុងការប្រកួតនៅសង្វៀនបាយ័ន្ត ធ្វើអោយគាត់មិនអាចហាត់បាន១០០ភាគរយនិងបារម្ភមានបញ្ហាពេលប្រកួតទើបសម្រេចផ្លាស់ប្តូរតែម្តង ចំណែក ម៉ឺន សុភា មិនមានការផ្លាស់ប្តូរដូចការបង្ហោះតាមបណ្តាញសង្គមនោះទេ ពោល សុភា កំពុងប្រឹងប្រែងហ្វឹកហាត់ និងត្រៀមចេញដំណើរទៅប្រទេសថៃ នាថ្ងៃទី ១៩ ខាងមុខនេះ ។
សូមបញ្ចាក់ថា គង់ សំបូរ នឹងត្រូវប្រកួតជាមួយកីឡាករភូមា លើប្រភេទទម្ងន់ ៦៣ គីឡូក្រាមពាក់ហ្គង់ ខណៈ ម៉ឺន សុភា ត្រូវប្រកួតជម្រុះខ្សែក្រវាត់ជាមួយកីឡាករថៃ គិតិ ស.ច ដែនរ៉ាក់យ៉ង លើប្រភេទទម្ងន់ ៧០គីឡូក្រាម ក្នុងការប្រកួតរុំអំបោះ ៕ (មានវីដេអូនិយាយ)