
អ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក រកឃើញបេក្ខភាព៤នាក់ចុងក្រោយ
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ បានរកឃើញបេក្ខភាព៤នាក់ចុងក្រោយហើយ បន្ទាប់ពីប្រកួតបញ្ចប់ពូល B កាលពីចុងសប្តាហ៍នាសង្វៀន CNC ឬស្សីកែវ ខណៈពូល A បានរកឃើញកាលពីសប្តាហ៍មុន ។
ការប្រកួតជុំចុងក្រោយនេះ ឡុង សំណាង នៅតែធ្វើបានល្អដោយផ្តួលកីឡាករ សេក គឹមរួន អោយសន្លប់ត្រឹមទឹកទី៤ ។ កណ្តាប់ដៃធ្ងន់ៗរបស់កូនសិស្សលោក ឡុង សាលវ័ន្ត បានធ្វើអោយអាជ្ញាកណ្តាលរាប់ សេក គឹមរួន ចំនួន២ដងក្នុងទឹកទី៣ ។ ចូលដល់ទឹក៤ភា្លម សំណាង មិនគិតច្រើននោះទេ ដោយព្យាយាមផ្តាច់តែម្តងដោយប្រើជង្គង់ចាក់ចូលពេញ ។ ជ័យជម្នះនេះបានធានាកៅអីវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់គេដោយឆ្លងកាត់៣ប្រកួតកន្លងមកឈ្នះ ទាំងអស់មាន ៩ ពិន្ទុ ឈរនៅលេខ១ក្នុងពូល B នេះតែម្តង ។ ចំណែក សូត្រ ខេវិន ក៏បានឡើងទៅវគ្គ៤នាក់ចុងក្រោយផងដែរ ដោយរូបគេបានផ្តួលខ្លាចាស់ ភុំ សារ៉ាយ អោយសន្លប់ ក្នុងថ្ងៃនោះដែរ ។ បីប្រកួតកន្លងមកកូនប្រុសលោក សួន ប៊ុនសូត្រ ឈ្នះ២ និងចាញ់១ មាន៧ ពិន្ទុ ឈរនៅលេខ២ ក្នុងពូល ។
យោងតាមរូបមន្ត ការប្រកួតអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯករដូវកាលទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាករ វេន សុភ័ក្រ ត្រូវប៉ះកីឡាករ សូត្រ ខេវិន ចំណែក ឡុង សំណាង ត្រូវជួប សុខ សុវណ្ណ ។ ការប្រកួតគ្រោងធ្វើឡើងនៅថ្ងៃទី ២៨ ខែ ឧសភា ២០២២ នាសង្វៀន CNC ចាប់ពីម៉ោង ៦ល្ងាចតទៅ ៕