ឈុត សេរីវ៉ាន់ថង និយាយថា ប្រកួតគីឡូ៦០គឺមានស្ទុះប្រកួតជាងគីឡូ៥៧
គុនខ្មែរវ័យក្មេង ឈុត សេរីវ៉ាន់ថង គឺជាអ្នកប្រដាល់មកពីខេត្តបាត់ដំបងមួយរូបក្នុងចំណោមជាច្រើនរូបផ្សេងទៀត ដែលមានអ្នកគាំទ្រច្រើនតាមរយៈក្បាច់គុនប្រកួតរបស់គេនៅលើសង្វៀនគុនខ្មែរ។ ជាមួយគ្នានោះ កាលពីចុងសប្តាហ៍ថ្ងៃសៅរ៍កន្លងទៅថ្មីៗនេះ កូនប្រុសលោក ឈុត សេរី រូបនេះបានប្រកួតកក្រើកសង្វៀនគោជល់នៅស៊ីអិនស៊ី តាមរយៈការតម្លើងគីឡូពី៥៧មក៦០ ដោយជួបជាមួយកីឡាករជើងខ្លាំងថៃ វិថៈយ៉ាក់យុទ្ធ។
ជាក់ស្តែងអ្នកលេងយុទ្ធគុនទាំង២បានប្រកួតវ៉ៃគ្នាទៅវិញទៅមក ក្នុងនោះជើងសងដោយជើង កណ្តាប់ដៃសងដោយកណ្តាប់ដៃ កែងសងដោយកែង។ ចប់ការប្រកួត ឈុត សេរីវ៉ាន់ថង ឈ្នះពិន្ទុដោយឯកច្ឆ័នលើ វិថៈយ៉ាក់យុទ្ធ។ ក្រោយចប់ការប្រកួត វ៉ាន់ថង បាននិយាយប្រាប់ MSR ថា ៖ ការតម្លើងគីឡូពី៥៧មក៦០ គឺរូបខ្លួនមានស្ទុះវ៉ៃពេញ ដោយមិនសូវបាក់កំលាំងកាលដូចពីលេងគីឡូ៥៧ឡើយ។ ហើយចំពោះដៃគូថៃ វិថៈយ៉ាក់យុទ្ធ នេះវិញ គឺជាកីឡាករដែលល្អ ពិសេសគឺការទាត់ជើងក្រោមរបស់គេតែម្តង។ តែដោយលោកឪពុកគាត់បានណែនាំបន្ថែមក្នុងម៉ោងសម្រាក់ឲ្យទឹក ទើបរូបខ្លួនបានយុទ្ធសាស្របន្ថែមទៀតរហូតអាចប្រកួតឈ្នះពិន្ទុថៃនេះបាន។
សូមបញ្ជាក់ថា អ្នកកំលោះគុនខ្មែរវ័យ១៩ឆ្នាំរូបនេះ ៩ប្រកួតចុងក្រោយសម្រាប់តែសង្វៀន CBS មិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេ ហើយគុនខ្មែររូបនេះក៏ជាម្ចាស់ពានរង្វាន់ ISI Palmរដូវកាលទី៣ និង ពានរង្វាន់ ម៉ាសេរី រដូវកាលទី៣ផងដែរ៕