សៅ រង្សី វាយគេរាប់ទឹក១ហើយ តែចុងក្រោយចាញ់ពិន្ទុ
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា សៅ រង្សី បានចាញ់ពិន្ទុទាំងប្រផុតប្រផើយ ក្រោមថ្វីដៃកីឡាករអ៊ីរ៉ង់ Mehdi Khosravi នៅក្នុងការប្រកួតជើងឯកអាស៊ី ASBC Asian Elite Men And Women Boxing Championship 2022 នៅប្រទេសហ្ស៊កដានី កាលពីយប់មិញ។
ក្នុងជំនួបប្រភេទទម្ងន់ ៥៤គីឡូក្រាមនេះ សៅ រង្សី ធ្វើបានយ៉ាងល្អ ក្នុងទឹកទី១ ដោយបានវាយកីឡាករ Mehdi Khosravi រហូតត្រូវអាជ្ញាកណ្ដាលរាប់ និងឈ្នះពិន្ទុទៀតផង ពោលគឺក្នុងចំណោមចៅក្រម ៥រូប បានផ្ដល់ពិន្ទុឲ្យ រង្សី នាំមុខលើកីឡាករអ៊ីរ៉ង់ ១០-៩ពិន្ទុ ដូចៗគ្នា។
ជាអកុសល ចូលទឹកទី២ និងទឹកទី៣ ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេមរបស់កម្ពុជារូបនេះ មានបញ្ហាឈឺដៃ និងធ្លាក់ចុះកម្លាំង នាំឲ្យកីឡាករអ៊ីរ៉ង់មានប្រៀប និងវាយយកឈ្នះពិន្ទុវិញ ដោយនៅទឹកទី២ ចៅក្រម ៥រូប បានផ្ដល់ពិន្ទុឲ្យ Mehdi Khosravi ឈ្នះ ១០-៩ពិន្ទុដូចគ្នា ខណៈទឹកទី៣ ចៅក្រមទាំង ៥រូប បានកាត់សេចក្ដីឲ្យ រង្សី ចាញ់ក្នុងពិន្ទុ ៨-១០, ៩-១០, ៨-១០, ៩-១០ និង ៩-១០ពិន្ទុ។
សៅ រង្សី គឺជាកីឡាករដំបូង ដែលបញ្ចប់ការប្រកួតមុនគេ ក្នុងបេសកកម្មនេះ ខណៈមិត្តរួមជាតិ ២រូបទៀត នឹងត្រូវបន្ដការប្រកួត នៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកានេះ រួមមានកីឡាករកូនកាត់ខ្មែរ-អ៊ូបេគីស្ថាន រ៉ាចាពៅ អាប់ឌុលឡា ប្រកួតជាមួយកីឡាករកូរ៉េខាងត្បូង Haneul Jung ក្នុងប្រភេទទម្ងន់ ៩២គីឡូក្រាម និងកីឡាករ ណាស្រេឌីនូវ អាន់វ៉ា ជួបកីឡាករថៃ Weerapon Jongjoho ក្នុងប្រភេទទម្ងន់ ៨០គីឡូក្រាម៕