
អេ ណារ័ត្ន នៅរក្សាក្បាច់ដើរចូលពេលប៉ះ សូត្រ វាសនា ខ្សែក្រវាត់គោជល់
ក្រោយយកឈ្នះកីឡាករ ណង សាវ គុនខ្មែរ អេ ណារ័ត្ន នឹងបន្តមកប៉ះជាមួយជើងខ្លាំង វ័យក្មេង សូត្រ វាសនា ដើម្បីរកបេក្ខភាពឈានទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្ត នៅថ្ងៃ សៅរ៍ ទី ០៩ ឧសភា សប្តាហ៍នេះនាសង្វៀន ស៊ី អ៊ិន ស៊ី ឬស្សីកែវ វេលាម៉ោង ៦ ល្ងាច ។
សម្រាប់ការជួបសិស្សប្អូន សូត្រ វាសនា កូនសិស្សរបស់លោក អេ ភូថង បានលើកឡើងថា មិនជាបញ្ហាធំនោះទេ ទោះបីដឹងថាសមត្ថភាពគូប្រកួតកំពុងឡើងខ្លាំងយ៉ាងណាក៏ដោយ ពីព្រោះរូបគេជឿជាក់លើសមត្ថភាពខ្លួនឯងក្នុងការត្រៀមបានយ៉ាងល្អ ។
(ដាក់សំឡេង អេ ណារ័ត្ត )
មុនឈានដល់វគ្គ៨នាក់ចុងក្រោយនេះ អេ ណារ័ត្ន បានយកឈ្នះពិន្ទុលើកីឡាករ ណង សាវ ចំណែកគូប្រកួតរបស់គេ សូត្រ វាសនា បានយកឈ្នះលើកីឡាករ ស៊ឺន ថៃសាន់ ដោយពិន្ទុ ដូចគ្នា ។ សម្រាប់ការប្រកួតមួយគូទៀត សេក គឹមសាន្ត ត្រូវជួប អេលីត កែវឡុង ។
សូមបញ្ជាក់ថា បេក្ខភាពវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រអ្នកតស៊ូគុនខ្មែរគោជល់បានរកឃើញពីររូបរួចហើយក្នុងនោះមាន បឺត សង្ឃឹម និង វាន់ វឿន បន្ទាប់ពីពួកគេឈ្នះគូប្រកួតកាលពីពីរសប្តាហ៍មុន សម្រាប់ម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាមខេត្តរដូវកាលទី២នេះនឹងទទួលបានបា្រក់រង្វាន់ចំនួន ៥ ពាន់ដុល្លារ ៕