Solskjaer ៖ កីឡាករល្អគឺជាកីឡាករដែលចេះសាមគ្គីនិងចុះសម្រុងគ្នា
(BC-99)
Ole Gunnar Solskjaer បានត្រៀមខ្លួនរួចជាស្រេចដើម្បីរារាំង Paul Pogba មិនឱ្យចាកចេញទៅណាពីក្លិបដោយបានលើកហេតុផលថាកីឡាករ បារាំង រូបនេះអាចចាប់ដៃគូជាមួយ Bruno Fernandes គឺជាចំណុចសំខាន់ក្នុងតំបន់បម្រើរបស់ក្រុមបិសាចក្រហម។
បញ្ហារបួសកជើងបានធ្វើឱ្យ Pogba ដែលជាម្ចាស់ជើងឯក World Cup ត្រូវប្រើពេលវេលាដ៏យូរស្ទើរតែពេញរដូវកាលនេះដើម្បីឈប់សម្រាកព្យាបាលហើយក៏ជាកត្តាដែលធ្វើអោយគេមិនបានចូលរួមលេងជាមួយកីឡាករ Fernandes ដែរ។ ក្នុងអំឡុងពេលដែល Pogba អវត្តមាន កីឡាករព័រទុហ្គាល់ Fernandes បានបង្ហាញសមត្ថភាពលេងយ៉ាងល្អដែលនេះគឺជាការចាប់ផ្តើមប្រើឆាកជីវិតនៅក្នុង Premier League របស់ខ្លួនបន្ទាប់ពីចាកចេញពីក្លិបចាស់ Sporting CP ។
មានការរំពឹងទុកយ៉ាងច្រើនឥតឈប់ឈរថា Pogba អាចនឹងចាកចេញពី Old Trafford នៅចុងបញ្ចប់រដូវកាលនេះប៉ុន្តែលោក Solskjaer បាននិយាយស្កាត់មុនថាលោកចង់ឃើញការសហការគ្នារវាង Pogba និង Fernandes ជាងជម្រើសដទៃ។ លោកបាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា “កីឡាករល្អ ៗ តែងតែលេងជាមួយគ្នាបានជានិច្ចដូច្នេះវាពិតជាក្លាយទៅជារឿងដ៏អស្ចារ្យមួយ”។
លោក Solskjaer បាននិយាយទៀតថាគាត់ពិតជាគិតថា Pogba នឹងត្រៀមខ្លួនសម្រាប់ការបន្តរដូវកាលថ្មីជាមួយក្រុមបិសាចក្រហម Manchester United ព្រោះនៅទីនេះគេអាចបំពេញមហិច្ឆិតារបស់ខ្លួនដែលចង់ឈ្នះពានរង្វាន់គ្រប់ប្រភេទបាន។ គេមិនអាចបន្ទោស Pogba បានទេព្រោះតែគេបានទទួលរងរបួសដែលកើតចេញពីការជួយក្លិបរបស់ខ្លួន ទើបធ្វើអោយគេអវត្តមានរយៈពេលយូរយ៉ាងដូចនេះ។
គួរបញ្ជាក់ថាក្របខណ្ឌបាល់ទាត់ Premier League អាចនិងត្រឡប់មកប្រកួតបញ្ចប់រដូវកាលនេះវិញក្នុងពេលឆាប់ៗដោយមិនអោយមានអ្នកគាំទ្រចូលទៅទស្សនាឡើយ។ រីឯលោក Solskjaer ក៏បានរំពឹងថា Pogba និងបានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងការប្រកួតដែលនៅសេសសល់ដែរប្រសិនបើក្របខណ្ឌនេះបើកប្រកួតបន្តវិញមែន។