កីឡាកររួមចំណែកជួយបារាំងលើកពាន World Cup ត្រូវ Juventus ឲ្យហាត់ជាមួយ U23
Adrien Rabiot ត្រូវបាន Juventus ទម្លាក់ទៅហ្វឹកហាត់ក្នុងក្រុមអាយុក្រោម២៣ឆ្នាំ ខណៈកីឡាករក្រុមធំឯទៀតកំពុងស្ថិតនៅសហរដ្ឋអាមេរិកប្រកួតមិត្តភាពត្រៀមរដូវកាលថ្មី។
ការដាក់ឲ្យហ្វឹកហាត់ជាមួយក្រុមយុវជននេះត្រូវបានសារព័ត៌មាន Tuttosport លាតត្រដាងថា ដោយសារតែគេចង់ចាកចេញទៅរកទ្រនំថ្មី។ ខ្សែបម្រើកណ្ដាលដែលរួមចំណែកជួយបារាំងឈ្នះជើងឯក FIFA World Cup 2018 ព្រួយបារម្ភពីឱកាសលេងរបស់ខ្លួន ក្រោយការមកដល់របស់មិត្តរួមជាតិ Paul Pogba។
គោលដៅរបស់ Rabiot អាចជាក្លិបចាស់ Paris Saint Germain ឬ Lyon ព្រោះគេចង់ចូលលេងឲ្យបានច្រើនដើម្បីមានឱកាសជាប់ជម្រើសជាតិក្នុង World Cup 2022នេះ។
កីឡាករវ័យ២៧ឆ្នាំខាងលើបានផ្លាស់ទៅ Juventus កាលឆ្នាំ២០១៩ ក្រោយចប់កិច្ចសន្យានៅ Paris Saint Germain។ រយៈពេល៣រដូវកាលនៅ Turin គេរួមចំណែកឈ្នះលីគកំពូលអ៊ីតាលី១ដង និងពានក្នុងស្រុក៣គ្រឿងទៀត។ រដូវកាលមុនគេចូលលេងបាន៤៥ប្រកួតពីគ្រប់កម្មវិធី៕