លោក Unai Emery ទទួលស្គាល់នូវកំណត់ត្រាដ៏អាក្រក់របស់ Arsenal ក្រោមការដឹកនាំរបស់លោកបើធៀបទៅនឹងការដឹកនាំរបស់លោក Arsene Wenger
(BC-99)
លោក Unai Emery បានអំពាវនាវឱ្យមានការអត់ធ្មត់ពីអ្នកគាំទ្ររបស់ក្រុម Arsenal បន្ទាប់ពីការចាញ់ក្រុម Leicester City ២-០ កាលពីថ្ងៃសៅរ៍។
ក្រោយពីចាញ់ការប្រកួតនៅសប្តាហ៍ទី១២នាក្របខណ្ឌ Premier League ២០១៩-២០២០ វាបានធ្វើអោយការប្រកួតលើកទី៥០ដំបូងដែលដឹកនាំដោយលោក Emery បានកា្លយជាការប្រកួតដ៏អាក្រក់មួយបើធៀបទៅនឹងការប្រកួត៥០ដងចុងក្រោយរបស់លោក Arsene Wenger នៅក្នុងការដឹកនាំកាំភ្លើងធំ Arsenal។
ពេលត្រូវបានសួរអំពីកំណត់ត្រាដែលអាក្រក់ជាងលោក Wenger លោក Emery បានឆ្លើយប្រាប់ទូរទស្សន៍ Sky Sports ថា “វាពិតជារឿងដ៏អាក្រក់របស់យើង។ យើងត្រូវការពេលវេលាហើយយើងត្រូវតែមានការអត់ធ្មត់។ យើងបានផ្លាស់ប្តូរកីឡាករជាច្រើនយើងមានកីឡាករវ័យក្មេង យើងមានតម្រូវការខ្លាំងនិងមានមហិច្ឆតាដ៏ធំធេង ដូចនេះយើងត្រូវតែមានភាពអត់ធ្មត់ និងត្រូវការពេលវេលាបន្ថែម”។
គួរបញ្ជាក់ថាមានប្រិយ៍មិត្តជាច្រើនបានដាក់ញត្តិដល់នាយកគ្រប់គ្រងក្លិបកាំភ្លើងធំ Arsenal អោយឆាប់រកអ្នកថ្មីមកជំនួសលោក Unai Emery នាអំឡុងពេលដែល Premier League ឈប់សំរាកនៅសប្តាហ៍នេះដើម្បីអោយកីឡាកររបស់ក្លិបនីមួយចូលរួមប្រកួតជម្រុះ EURO ២០២០ តាមបណ្តាប្រទេសរៀងៗខ្លួន។