
លោក ភា សុភ័ក្ត្រា បង្ហើបក្ដីស្រមៃផ្ទាល់ខ្លួនមួយ
ការចូលរួមជួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ជាពិសេសក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ លើទឹកដីកំណើតខ្លួន ជាក្ដីស្រមៃមួយក្នុងអាជីពជាគ្រូបង្វឹករបស់លោក ភា សុភ័ក្ត្រា។
អតីតគ្រូបង្គោលសមាគមបាល់ទាត់កងយោធពលខេមរភូមិន្ទបានចូលរួមក្រុមការងារលោក Keisuke Honda តាំងពីខែមិថុនា ឆ្នាំ២០១៩។
ដោយឡែក កាលពីចុងឆ្នាំ២០២១ គ្រូបង្វឹក A-License ខាងលើត្រូវបានវិសាខាប្រកាសពីការចូលរួមក្រុមការងារក្នុងនាមជាគ្រូវិភាគការប្រកួត។ យ៉ាងណា លោកមិនទាន់បានបំពេញតួនាទីផ្លូវការទេ ក៏បានចាកចេញវិញ។
លោក ភា សុភ័ក្ត្រា បានសរសេរលើគណនី Facebook ផ្ទាល់ខ្លួនថា “៖អរគុណដល់ថ្នាក់ដឹកនាំវិសាខា ដែលគិតគូរដល់សមត្ថភាពការងាររបស់ខ្ញុំបាទ ហើយក៏សូមអធ្យាស្រ័យដែលមិនអាចចូលរួមជាមួយក្រុម #ដើម្បីបំពេញក្តីស្រម័យជាមួយក្រុមជំរើសជាតិ”។
គួររំឭកថា លោក ភា សុភ័ក្ត្រា មានបទពិសោធយ៉ាងច្រើនក្នុងនាមគ្រូបង្វឹកទាំងនៅជម្រើសជាតិ និងកម្រិតក្លិប។ កាលឆ្នាំ២០១៨ លោកបានជួយការពារជាតិលើកពានសម្ដេចតេជោ ហ៊ុន សែន។
លោកធ្លាប់ប្រាប់ថា ចង់ជួយជម្រើសជាតិនៅស៊ីហ្គេម២០២៣ជាមុនសិន មុនគិតគូរពីការចូលរួមក្លិបអាជីពណាមួយសាជាថ្មី៕