Arsenal ជួបពិភាក្សាជាមួយលោក Luis Enrique អំពីការជំនួសតំណែងលោក Unai Emery
(BC-99)
អ្នកដែលមានសក្តានុពលមួយរូបដែលអាចចូលមកជំនួសតំណែងរបស់អ្នកចាត់ការទូទៅ Arsenal នាពេលបច្ចុប្បន្ន Unai Emery បានគឺជាអតីតអ្នកដឹកនាំរបស់ Barcelona លោក Luis Enrique នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញ។
លោក Emery កំពុងរងសម្ពាធកាន់តែខ្លាំងនៅក្នុងក្លិបកាំភ្លើងធំ Arsenal បន្ទាប់ពីក្រុមរបស់លោកត្រូវបានក្រុម Leicester City ផ្តួលដោយលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍។ គេបានកត់សម្គាល់ឃើញថាកាំភ្លើងធំរកបានជ័យជម្នះតែម្តងគត់នៅក្នុងការប្រកួត Premier League ៦ ដងចុងក្រោយ រីឯបណ្តាអ្នកគាំទ្ររបស់ពួកគេកំពុងតែបាននាំគ្នាអំពាវនាវឱ្យលោក Emery ចុះចេញពីតំណែងនាអំឡុងពេលឈប់សម្រាកដើម្បីប្រកួតជម្រុះពានរង្វាន់ EURO សប្តាហ៍ក្រោយនេះ។
កាលពីសប្តាហ៍មុនមានការរាយការណ៍ជាច្រើនដោយបានអះអាងថាលោក Raul Sanllehi ប្រធានផ្នែកបច្ចេកទេសរបស់ Arsenal បានទៅជួបជាសម្ងាត់ជាមួយលោក Jose Mourinho ដើម្បីពិភាក្សាពីឱកាសរបស់លោកក្នុងការមកដឹកនាំក្លឹបកាំភ្លើងធំ។ ប៉ុន្តែទោះជាយ៉ាងនេះក្តីក៏មានការអះអាងដែរថាលោក Sanllehi ក៏កំពុងតែស្វែងរកយ៉ាងសកម្មអ្នកដែលមានសមត្ថភាពមកជំនួសលោក Emery មួយរូបទៀតនោះគឺលោក Luis Enrique ។ បុរសវ័យ ៤៩ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ធំៗចំនួន ៩ ក្នុងរយៈពេល ៣ ឆ្នាំក្នុងនាមជាអ្នកចាត់ការទូទៅរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ។
គួរម្លឹកដែរថាលោក Luis Enrique បានឡើងកាន់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញនៅខែកក្កដាឆ្នាំ ២០១៨ កន្លងមក ក៏ប៉ុន្តែក្រោយពីបានបំពេញមុខងាររបស់ខ្លួនអស់រយៈពេល ១១ ខែលោកក៏បានសុំចុះចេញពីតំណែងដោយហេតុផលផ្ទាល់ខ្លួននៅពេលដែលកូនស្រីអាយុ ៩ ឆ្នាំរបស់លោកឈ្មោះ Xana បានទទួលមរណភាពដោយសារតែជំងឺជំងឺមហារីកឆ្អឹង។ អតីតកីឡាករអេស្ប៉ាញនិង Barcelona រូបនេះត្រូវបានគេរាយការណ៍ថាជាបុគ្គលដែលបានស្ថិតក្នុងបញ្ជីសម្រាំងដំបូងរបស់ក្រុម Arsenal នៅពេលដែលក្រុមកាំភ្លើងធំកំពុងសំឡឹងមើលអ្នកជំនួសលោក Arsene Wenger កាលពីឆ្នាំ ២០១៨ ផងដែរ។