ក្រោយរបូតប្រាក់១លានដុល្លារ យ៉តសែនខ្លៃ ឆ្ងល់ខ្លួនឯងហេតុអ្វីគ្មានកម្លាំងវ៉ៃជាមួយ Samy Sana
អស់រយៈពេល៨ឆ្នាំហើយដែលអ្នកប្រដាល់ថៃ យ៉តសែនខ្លៃ ទើបស្គាល់បរាជ័យជាលើកដំបូងកាលពីយប់មិញនេះនៅការប្រកួតកម្មវិធី One Championship ដែលធ្វើឡើងនៅប្រទេស សិង្ហបុរី ពោលរូបគេបានចាញ់កីឡាករបារាំង Samy Sana ក្នុងការប្រកួតជម្រុះ ONE Featherweight Kickboxing World Grand Prix ដែលមានប្រាក់រង្វាន់រហូតដល់១លានដុល្លារ ។
ក្រោយចប់ការប្រកួតអ្នកប្រដាល់រហ័ស្សនាម The Computer បានប្រាប់អ្នកសារព័ត៌មានថា ៖ ខ្ញុំពិតជាឆ្ងល់ខ្លួនឯងខ្លាំងណាស់ហេតុអ្វីគ្មានកម្លាំងតទល់ជាមួយដៃគូនៅថ្ងៃនេះ ខណៈ ដែលបានហ្វឹកហាត់ត្រៀមខ្លួនយ៉ាងល្អ ជាពិសេសការបញ្ចេញក្បាច់ក៏ចេញមិនកើត (គាំង) និងមិនអាចទប់ជាមួយការទាត់របស់ដៃគូបានទៀតផង យ៉ាងណា យ៉ត ក៏បានបញ្ជាក់ថា នេះជាកីឡាតែងតែមានឈ្នះ និងមានចាញ់ ។ ចុងក្រោយអ្នកប្រដាល់វ័យ៣៣ឆ្នាំ សុំទោសដល់អ្នកគាំទ្រទាំងអស់ចំពោះលទ្ធផលធ្វើមិនបានល្អ និងសង្ឃឹមថានឹងធ្វើបានល្អ វិញសម្រាប់ការប្រកួតបន្ទាប់ ។
សូមបញ្ជាក់ថា យ៉តសែនខ្លៃ បានប្រកួតចាញ់ពិន្ទុកីឡាករបារាំង Samy Sana លក្ខណៈ Kickboxing ដែលធ្វើឡើង៣ទឹក និងត្រូវបានកីឡាករបារាំងវាយអោយអាជ្ញាកណ្តាលរាប់ ក្នុងទឹកទី១ទៀតផង ខណៈនេះជាការចាញ់លើកដំបូងក្នុងរយៈពេល៨ឆ្នាំរបស់គេផងដែរ ៕ រូបភាព៖ One Championship