លោកគ្រូ ធន់ សុភា ស្តាយទេពកោសល្យ វៀត ប៊ុនឌឿន
ឲ្យតែពេលមានលុយដឹងតែបាត់មុខវាហើយ តែបើសិនកូនសិស្សនេះអស់លុយវិញដឹងតែឃើញមុខមកហ្វឹកហាត់វិញហើយ នេះបើយោងតាមសំដីរបស់លោកគ្រូ ធន់ សុភា ដែលនិយាយពាក់ព័ន្ធទៅនឹងចរិកកូនសិស្សរបស់លោកគឺឡាករគុនខ្មែរ វៀត ប៊ុនឌឿន។
វៀត ប៊ុនឌឿន គឺជាអ្នកប្រដាល់គុនខ្មែរមួយរូបដែលពូកែប្រើកែងបានល្អ ហើយក៏មានប្រិយ៍មិត្តគុនខ្មែរជាច្រើនបានហៅកីឡាកររូបនេះថា កែងឥតស្រមោលផងដែរ។ បើនិយាយអំពីការប្រកួតនៅសង្វៀនគុនខ្មែរវិញភាគច្រើនគុនខ្មែររូបនេះ តែងតែបន្សល់ទុកនៅស្នាមបែកសឹងតែគ្រប់ការប្រកួត តែមួយរយៈចុងក្រោយនេះយើងឃើញការប្រកួតរបស់កូនសិស្សលោកគ្រូ ធន់ សុភា ហាក់បីដូចជាមានការប្រែប្រួល ពោលគឺប្រកួតមិនល្អដូចលើកមុនៗសោះ។
បើតាមសំដីរបស់លោកគ្រូ ធន់ សុភា គាត់ក៏បានបញ្ជាក់ថា កូនសិស្សមួយនេះពិបាកប្រដៅណាស់ ព្រោះថា ប្រសិនបើវាមានលុយច្រើនដឹងតែបាត់មុខអត់ឃើញមកហាត់ទេ លុះពេលដែលវាចាយលុយអស់ហើយ ចាំមើលវាមកហ្វឹកហាត់វិញហើយ ហើយហ្វឹកហាត់ខ្លាំងទៀតផង ម្យ៉ាងវិញទៀតលោកក៏ព្យាយាមប្រដៅណាស់ដែរ តែហាក់បីដូចជាមិនប្រែប្រួលសោះ។
គ្រូសាលាគុនក្រសួងការពារជាតិរូបនេះក៏បានបញ្ជាក់បន្ថែមលើនេះថា លោកស្តាយទេពកោសល្យកូនសិស្សម្នាក់នេះណាស់ មានសមត្ថភាពល្អហើយតែមិនចេះប្រើក្បាច់គុនមួយនេះ ប្រសិនបើ វៀត ប៊ុនឌឿន ហ្វឹកហាត់ពេញមិនខ្ចិលច្រអូសនោះ នឹងពិបាករកដៃគូមកប្រកួតណាស់៕