ទួនប៉េ ថាត្រៀមរួចរាល់ហើយសម្រាប់បំណងជួប សេរីវាន់ថង បានសម្រេច
អ្នកប្រដាល់ចាស់វស្សារបស់ថៃ ទួនប៉េ បានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការប្រកួតជាមួយអ្នកប្រដាល់វ័យក្មេងគុនខ្មែរ ឈុត សេរីវាន់ថង ដែលរូបគេមានបំណងចង់ជួបជាងគេក្នុងចំណោមកីឡាករគុនខ្មែរទាំងអស់ដែលគេធ្លាប់ប្រកួតជាមួយជាច្រើននាក់កន្លងមក ។ខ្លាចាស់ខេត្តបុរីរម្យ ធ្លាប់បានបញ្ជាក់ថា រូបគេចង់ប្រកួតជាមួយ វាន់ថង ដោយសារគេជាកីឡាករជួរមុខរបស់កម្ពុជា ហើយពេលប្រកួតជាមួយម្តងៗធ្វើអោយគេពិបាកវ៉ៃនិងធ្វើអោយចិត្តខឹង ព្រោះពិបាកវ៉ៃ ដូចនេះការជួបក្នុងការប្រកួតជម្រុះ ខ្សែក្រវាត់នេះជាក្តីបំណងរបស់គេដែលបានប្រាថ្នាកន្លងមក ដូចនេះសង្ឃឹមល្អជាមិនខាន ។
ប្រវិត្តជួបគ្នា២ដងកន្លងមក ឈុត សេរីវាន់ថង បានយកឈ្នះពិន្ទុលើកីឡាករថៃ ទួនប៉េ ទាំងពីរដង ខណៈ ទួនប៉េ មកប្រកួតស្រុកខ្មែរកន្លងមកចាញ់តែ ៤ប្រកួតប៉ុណ្ណោះក្នុងចំណោមជិត៣០ដង ពោលចាញ់ ថុល មករា ក្នុងការប្រកួតម៉ារ៉ាតុន (៣ទឹក ) ចាញ់ ឡុង សំណាង ខណៈការឈ្នះ ឃីម បូរ៉ា ចុងក្រោយត្រូវបានសហព័ន្ធពិន័យចៅក្រម ដែលអោយ ទួនប៉េ ឈ្នះ ។ ទួនប៉េ នឹងជួប ឈុត សេរីវាន់ថង ជាលើកទី៣ នៅព្រឹកថ្ងៃ សៅរ៍ ម៉ោង ៨ ព្រឹកកម្មវិធីជម្រុះខ្សែក្រវាត់កម្ពុជាសង្វៀនគុនខ្មែរ ក្រុមទី២ ខណៈ ឡុង ជិន ត្រូវប៉ះកីឡាករថៃ ប្រាបផៃរី ក្នុងថ្ងៃជាមួយគ្នានេះដែរ ៕